បាល់ទាត់៖ ខ្សែប្រយុទ្ធអេស្ប៉ាញ Ferran Torres បានផ្លាស់ទៅកាន់ក្លិប FC Barcelona ផ្លូវការហើយក្នុងតម្លៃ ៥៥លានអឺរ៉ូ។ ក្លិបទាំងពីរ Manchester City និង Barcelona បានឈានដល់កិច្ចព្រមព្រៀងតាំងពីសប្តាហ៍មុនម្ល៉េះក្នុងតម្លៃ ៥៥លានអឺរ៉ូនេះ ស្របពេល Barcelona ដែលកំពុងមានវិបត្តិហិរញ្ញវត្ថុនោះទើបទទួលបានកម្ចីធនាគារ។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ បន្ទាប់ពីចំណាយពេលត្រឹម ១៨ខែនៅទឹកដីអង់គ្លេសផ្ទេរពី Valencia។ Ferran Torres បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ២០២៧ អមជាមួយនឹងតម្លៃផ្តាច់កុចត្រា ១ពាន់លានអឺរ៉ូថែមទៀត។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញខ្លួនសរុប ៤៣ប្រកួត និងស៊ុតបញ្ចូលទី ១៦គ្រាប់ឱ្យ Manchester City តាំងពីផ្លាស់ពី Valencia នៅខែសីហា ឆ្នាំ២០២០។ Ferran Torres បានចូលលេង ៦ប្រកួតដំបូងនៅ Premier League ឱ្យ Manchester City មុនពេលដែលមានរបួសជើងពេលជួយក្រុមជំរើសជាតិអេស្ប៉ាញ។
Torres ក៏បានប្រាប់ទៅ Pep Guardiola ថា គេចង់ចាកចេញផងដែរដើម្បីធានាបានការលេងដែលទៀងទាត់មួយ ស្របពេលឱកាសមិនសូវមាននៅ Etihad ក្នុងតំណែងដ៏ចង្អៀតប្រជែងជាមួយ Bernado Silva, Jack Grealish, Riyad Mahrez, Gabriel Jesus, Phil Foden និង Raheem Sterling ជាដើម៕
អត្ថបទ៖នាង សុភាវុធ