សមាជិកក្រុមអ្នកគាំទ្រសហគមន៍មនុស្សស្រលាញ់ភេទដូចគ្នា(LGBTI+)នៅអាមេរិកឡាទីន នាំគ្នាដង្ហែរក្បួនព្យុហយាត្រានៅតាមរដ្ឋធានីសំខាន់ៗចំនួន ៤កាលពីថ្ងៃសៅរ៍ ដើម្បីក្រោកឈរ សម្រាប់សិទ្ធិរបស់ពួកគេ ។
មនុស្សរាប់ម៉ឺននាក់ បានចូលរួមព្យុហយាត្រាឥន្ទធនូលើកទី ៤៧នៅទីក្រុង Mexico City ក្រោមបាវចនា “ភាពចម្រុះបែបគ្មានព្រំដែន៖ យុត្តិធម៌ ការតស៊ូ និងឯកភាព” ។ ការដង្ហែរក្បួននេះ ចាប់ផ្តើមនៅរុក្ខវិថី Reforma និងបញ្ចប់ទៅវិញនៅទីលានចតុរង្គ Zocalo ជាទីដែលក្រុមសិល្បះករ-សិល្បះការិនី ប្រគុំតន្រ្តីដោយឥតគិតថ្លៃ ។

យោងតាមទីភ្នាក់ងារស្ថិតិ និងទិន្នន័យកាលពីឆ្នាំ ២០២១ បានឲ្យដឹងថា មនុស្សប្រហែល ៥លាននាក់អាយុចាប់ពី ១៥ឆ្នាំ ឬច្រើនជាងនេះ ត្រូវបានបញ្ជាក់ថាជាសមាជិកសហគមន៍ LGBTQ+ ។
យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរអាមេរិកស្តីពីសិទ្ធិមនុស្ស បានឲ្យដឹងថា បញ្ហាប្រឈមមួយចំនួនត្រូវជំនះនៅបណ្តាប្រទេសអាមេរិកខាងជើង ធ្វើឲ្យមានក្តីបារម្ភដល់សន្តិសុខ ស្របពេលដែលស្រ្តីស្រលាញ់ភេទដូចគ្នា ៣៦នាក់ ត្រូវបានសម្លាប់នៅក្នុងឆ្នាំ ២០២៤ ។
មនុស្សរាប់ពាន់នាក់ បាននាំគ្នាដង្ហែរក្បួនផងដែរនៅក្នុងទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា ដើម្បីអបអរសិទ្ធិសហគមន៍ LGBTQ+ ។
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រពីស្ថានភាពអាក្រក់គួរឲ្យព្រួយបារម្ភនៃសិទ្ធិមនុស្សនៅប្រទេសតំបន់ការ៉ាអ៊ីប ដោយពួកគេបរិហារការរើសអើងនៅតែមានចំពោះមនុស្ស LGBTQ+ ដែលបានក្លាយជាជនរងគ្រោះនៃការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មហិង្សានៅក្នុងមន្ទីរឃុំឃាំង ដោយគ្មានសិទ្ធិទទួលបានយុត្តិធម៌ ។
នៅក្នុងរដ្ឋធានីប្រទសបូលីវីវិញ ក្រុមបាតុករនាំគ្នាស្លៀកពាក់សម្លៀកបំពាក់ពណ៌លឿងទុំ ដើរព្យុហយាត្រា និងរាំរែកនៅតាមផ្លូវ ៕
