កងទ័ពប៉ាគីស្ថានបាននិយាយថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបើករថយន្តដឹកគ្រឿងផ្ទុះមួយគ្រឿង បំបុកចូលទៅក្នុងក្បួនរថយន្តយោធាប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ (២៩ មិថុនា) នៅទីក្រុងក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាន ដោយសម្លាប់ទាហានយ៉ាងហោចណាស់ ១៣នាក់។

កងទ័ពនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្បួនរថយន្តនោះត្រូវវាយប្រហារនៅតំបន់ Mir Ali នៃស្រុក Waziristan ភាខាងជើង។ យោធាបន្តថា "នៅក្នុងឧបទ្ទវហេតុសោកនាដកម្ម និងព្រៃផ្សៃនេះ ជនស៊ីវិលស្លូតត្រង់ ៣នាក់ រួមទាំងកុមារ ២នាក់ និងស្ត្រីម្នាក់ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ" ដោយបន្ថែមថា ពួកសកម្មប្រយុទ្ធចំនួន១៤នាក់ ត្រូវបានសម្លាប់ដោយកងទ័ពនៅក្នុងប្រតិបត្តិការមួយដែលចាប់ផ្តើមបន្ទាប់ពីការវាយប្រហារនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បានថ្កោលទោសការវាយប្រហារនេះ ហើយចាត់ទុកថាជា "ទង្វើដ៏កំសាក"។ ប្រមុខទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ុនប៉ងណាមួយដើម្បីធ្វើឱ្យខូចដល់ស្ថិរភាពផ្ទៃក្នុងរបស់ប៉ាគីស្ថាន នឹងត្រូវជួបជាមួយនឹងការសងសឹកយ៉ាងរហ័ស និងដាច់ណាត់។
រហូតមកដល់ពេលនេះ ពុំមាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនោះទេ។ យោធាប៉ាគីស្ថាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយគូប្រជែងឥណ្ឌា ក្នុងការចោទប្រកាន់មួយដែលទីក្រុងញូវដែលី បានច្រានចោលយ៉ាងដាច់ខាត៕

