យោងតាមអាជ្ញាធរបានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងបំណាក់ដីនៅសប្តាហ៍នេះ នៅភាគពាយព្យប្រទេសកូឡុំប៊ី បានកើនឡើងដល់ ២២នាក់ហើយ ខណៈមនុស្ស ៨នាក់ នៅតែបន្តបាត់ខ្លួន។ បុគ្គលិកសង្រ្គោះកាលពីថ្ងៃសៅរ៍ (២៨ មិថុនា) នៅតែបន្តស្វែងរកជនរងគ្រោះនៅក្នុងទីក្រុង Medellín ដែលជាទីក្រុងធំទីពីររបស់កូឡុំប៊ី និងទីក្រុង Bello នៅជិតនោះ។
បំណាក់ដីនេះបានកើតឡើងនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដោយបានបញ្ចេញល្បប់ភក់ និងកម្ទេចកម្ទីទៅគ្របលើសង្កាត់លំនៅខានដែលមានមនុស្សរស់នៅកកកុញ ហើយហ៊ុមព័ទ្ធផ្ទះរាប់សិបខ្នង និងធ្វើឱ្យមនុស្សរាប់រយនាក់គ្មានផ្ទះសម្បែងស្នាក់នៅ។

សេចក្តីថ្លែងការណ៍មួយរបស់អាជ្ញាធរបាននិយាយថា លំនៅឋានមួយចំនួនធំដែលសាងសង់នៅលើដីជម្រាល មានហានិភ័យនៃការរងគ្រោះពីបំណាក់ដី ហើយសំណង់ទាំងនោះត្រូវបានចាត់ថ្នាក់ថាមានហានិភ័យខ្ពស់ណាស់។
គួរឱ្យដឹងថា បំណាក់ដីតែងតែកើតមាននៅក្នុងតំបន់នោះ ជាពិសេសក្នុងរដូវវស្សា ចាប់ពីខែមេសា ដល់ខែវិច្ឆិកា។ ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីខែមីនាមក បានបណ្តាលឱ្យបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិជាច្រើននៅក្នុងតំបន់ផ្សេងៗនៃប្រទេសកូឡុំប៊ី៕

