ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសៅរ៍ (២៨ មិថុនា) ថា យ៉ាងហោចណាស់ជនជាតិអាហ្វហ្គានីស្ថាន ១,២លាននាក់ ត្រូវបង្ខំឱ្យវិលត្រឡប់ពីអ៊ីរ៉ង់ និងប៉ាគីស្ថាន ទៅអាហ្វហ្គានីស្ថានវិញនៅឆ្នាំនេះ ដោយព្រមានថា ការធ្វើមាតុភូមិនិវត្តន៍ក្នុងទ្រង់ទ្រាយធំបែបនេះអាចធ្វើឱ្យស្ថានការណ៍ដ៏ផុយស្រួយរួចទៅហើយនៅអាហ្វហ្គានីស្ថាន កាន់តែអស្ថិរភាពថែមទៀត។
អ៊ីរ៉ង់ និងប៉ាគីស្ថាន ក្នុងឆ្នាំ២០២៣ បានចាប់ផ្តើមយុទ្ធនាការដាច់ដោយឡែកដើម្បីបណ្តេញជនបរទេស ដែលពួកគេនិយាយថាកំពុងរស់នៅក្នុងប្រទេសដោយខុសច្បាប់។ ប្រទេសទាំងពីរបានកំណត់កាលបរិច្ឆេទ និងគំរាមនិរទេសជនភៀសខ្លួនទាំងនោះ ប្រសិនបើពួកគេមិនព្រមចាកចេញ។ ទោះយ៉ាងនេះក្ដី រដ្ឋាភិបាលទាំងពីរបដិសេធថាពួកគេមិនកំណត់គោលដៅលើជនជាតិអាហ្វហ្គានីស្ថានដែលភៀសខ្លួនពីប្រទេសកំណើតដើម្បីគេចពីសង្គ្រាម ភាពក្រីក្រ ឬការគ្រប់គ្រងរបស់ពួកតាលីបង់ទេ។

ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយថា ក្នុងចំណោមជនអាហ្វហ្គានីស្ថាន ១,២លាននាក់ ដែលវិលត្រឡប់ទៅវិញនោះ មានជាងពាក់កណ្តាលមកពីអ៊ីរ៉ង់ បន្ទាប់ពីកាលបរិច្ឆេទកំណត់របស់រដ្ឋាភិបាលនៅថ្ងៃទី២០ ខែមីនា ឱ្យពួកគេចាកចេញដោយស្ម័គ្រចិត្ត បើមិនដូច្នេះត្រូវប្រឈមមុខនឹងការបណ្តេញចេញ។
យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា អ៊ីរ៉ង់បាននិរទេសជនអាហ្វហ្គានីស្ថានច្រើនជាង ៣៦៦.០០០នាក់ក្នុងឆ្នាំនេះ រួមទាំងជនភៀសខ្លួន និងមនុស្សដែលស្ថិតក្នុងស្ថានភាពដូចជនភៀសខ្លួន។
ជាងពាក់កណ្តាលនៃប្រជាជនក្នុងអាហ្វហ្គានីស្ថាន ពឹងផ្អែកខ្លាំងលើជំនួយមនុស្សធម៌ ប៉ុន្តែការប្រឆាំងទៅនឹងគោលនយោបាយរបស់ពួកតាលីបង់ និងការកាត់បន្ថយមូលនិធិដ៏រីករាលដាល កំពុងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយទីភ្នាក់ងារជំនួយ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន បានកាត់បន្ថយការផ្តល់សេវាមូលដ្ឋានដូចជាការអប់រំ និងការថែទាំសុខភាពជាដើម៕

