នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៩ មិថុនាថា សង្គ្រាមរយៈពេល១២ថ្ងៃជាមួយអ៊ីរ៉ង់ បានបង្កើតឱកាសសម្រាប់អ៊ីស្រាអែល ហើយជាដំបូងគឺការវិលត្រឡប់នៃចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ការថ្លែងរបស់លោក ស្របគ្នាជាមួយនឹងការពន្យារពេលរបស់តុលាការតំបន់នៃទីក្រុងហ្សេរុយសាឡឹមក្នុងការជម្រះក្តីអំពើពុករលួយជាយូរអង្វែងរបស់លោក បណ្តាលឱ្យមានការកើនឡើងការរំពឹងទុកថា វឌ្ឍនភាពអាចត្រូវបានធ្វើឡើងដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា និងធានាបានការដោះលែងចំណាប់ថ្នូរ។

តុលាការបានទទួលយកសំណើរបស់លោក Netanyahu កាលពីថ្ងៃអាទិត្យសម្រាប់ការពន្យារពេលដោយលើកឡើងពីមូលដ្ឋានផ្នែកការទូត និងសន្តិសុខ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានស្នើកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ការជម្រះក្តី អាចរំខានដល់សមត្ថភាពរបស់មេដឹកនាំអ៊ីស្រាអែលក្នុងការចរចា។
ឧត្តមសេនីយ៍ Eyal Zamir នាយសេនាធិការយោធារបស់អ៊ីស្រាអែល បាននិយាយថា សង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា អាចជួយជំរុញគោលដៅរបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ក្រុមអ្នកតស៊ូមតិរបស់អ៊ីស្រាអែលសម្រាប់ចំណាប់ថ្នូរ៥០នាក់ទៀតដែលនៅសល់ក្នុងតំបន់ហ្កាហ្សា បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោក Netanyahu ផ្តល់អាទិភាពដល់ចំណាប់ថ្នូរ គឺជារឿងមុនគេ។