យោងតាមឯកសារចេញផ្សាយនៅលើគេហទំព័រ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យ ទី២៩ មិថុនា បានចុះហត្ថលេខាលើក្រឹត្យមួយដោយដាក់ប្រទេសដែលហែកហួរដោយសង្រ្គាមរបស់លោកនៅលើផ្លូវដើម្បីចាកចេញពីអនុសញ្ញាប្រឆាំងគ្រាប់មីនទីក្រុងOttawa។ សន្ធិសញ្ញានេះ ហាមឃាត់ប្រទេសហត្ថលេខីទាំងអស់ពីការទទួលបាន ផលិត ស្តុកទុក ឬប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលត្រូវបានរៀបចំដើម្បីបង្កប់ ឬលាក់ទុកនៅលើដី។

គ្រាប់មីនជារឿយៗទុកឱ្យជនរងគ្រោះត្រូវពិបាកឬរងរបួសប្រសិនបើពួកគេពុំបានស្លាប់ភ្លាមៗ ហើយក្រុមផ្តល់ជំនួយបានរិះគន់ពីហានិភ័យរយៈពេលវែងនៃគ្រាប់មីនមិនទាន់ផ្ទុះសម្រាប់ជនស៊ីវិល។ ប្រទេស និងដែនដី ជាង១៦០គឺជាហត្ថលេខីនៃអនុសញ្ញាទីក្រុងអូតាវ៉ា ទោះបីជាទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីពុំបានចូលរួមក៏ដោយ។

លោក Zelenskyy បាននិយាយថា «ខ្ញុំភ្ជាប់ជាមួយក្រឹត្យនេះ នឹងដាក់ចូលជាធរមាននូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែន ដែលបានចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីការដកខ្លួនរបស់អ៊ុយក្រែន «ចេញពីអនុសញ្ញាដ៏សំខាន់នេះ»។ ដើម្បីចូលជាធរមាន សេចក្តីសម្រេច នៅតែត្រូវបានផ្តល់សច្ចាប័នដោយសភាអ៊ុយក្រែន និងជូនដំណឹងទៅអង្គការសហប្រជាជាតិ។
ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី «អ៊ុយក្រែនត្រូវបានបង្ខំឱ្យផ្តល់អាទិភាពដោយគ្មានលក្ខខណ្ឌដល់សន្តិសុខពលរដ្ឋ និងការការពាររដ្ឋ របស់ខ្លួន ។ ក្រសួងនិយាយថាការសម្រេចចិត្តដកខ្លួនគឺ «ពិបាក ប៉ុន្តែវាចាំបាច់» ក្នុងគោលបំណង «ការពារទឹកដីរបស់យើងពីការចូលកាន់កាប់ និងការពារប្រជាជនរបស់យើងពីអំពើឃោរឃៅដ៏គួរឱ្យភ័យខ្លាចរបស់រុស្ស៊ី»។