ចាប់តាំងពីថ្ងៃទី ២៧ ខែឧសភាមក យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន៥៨៣ នាក់ត្រូវបានសម្លាប់ និង៤.១៨៦នាក់បានរងរបួស ពេលកំពុងរង់ចាំអាហារនៅកន្លែងចែកចាយជំនួយដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នេះបើយោងតាមក្រសួងសុខាភិបាលរបស់ដែនដីហ្កាហ្សា ស្ទ្រីប ។

ការសម្លាប់បានកើតឡើងជារៀងរាល់ថ្ងៃ ខណៈគ្រោះទុរ្ភិក្សកើតឡើងនៅលើតំបន់ដែលត្រូវបានឡោមព័ទ្ធមួយនេះ។ អង្គការអន្តរជាតិនានា បានព្រមានជាច្រើនសប្តាហ៍ថា អ្នកស្រុកចំនួន២,១ លាននាក់នៅហ្កាហ្សាប្រឈមការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរបំផុត ដោយគ្មានទំនិញលក់នៅលើទីផ្សារ ខ្វះទឹកស្អាត និងការផ្តល់ជំនួយមិនទៀងទាត់ និងពោពេញដោយគ្រោះថ្នាក់។
ក្នុងរយៈពេលប្រាំបីថ្ងៃដំបូងនៃប្រតិបត្តិការរបស់មូលនិធិមនុស្សធម៌ហ្កាហ្សា មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ដោយសារកាណុងកាំភ្លើងពីកងកម្លាំងអ៊ីស្រាអែល។
លោក Hani Mahmoud អ្នកយកព័ត៌មាន Al Jazeera រាយការណ៍ពីទីក្រុងហ្កាហ្សា បាននិយាយថា មូលនិធិនេះ នៅតែជាប្រភពអាហារតែមួយគត់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈអ៊ីស្រាអែលបន្តដាក់កម្រិតធ្ងន់ធ្ងរលើការចូលនៃការផ្គត់ផ្គង់ដោយក្រុមផ្សេងទៀត។
លោក Mahmoud បាននិយាយថា មនុស្សជាច្រើននៅទីនេះកំពុងព្យាយាមនៅឆ្ងាយពីមជ្ឈមណ្ឌល ចែកចាយជំនួយ ដោយសារតែគ្រោះថ្នាក់នៃការបាញ់ប្រហារជាបន្តបន្ទាប់ ប៉ុន្តែជាថ្មីទៀត ការនៅឆ្ងាយ គឺមិនមែនជាជម្រើសទេ ព្រោះបើគ្មានកញ្ចប់អាហារ មានន័យថាក្មេងៗ និងមនុស្សកំពុងស្រេកឃ្លានអាហារ នឹងឃ្លានស្លាប់។យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់សរុបកើនឡើងដល់៥៦.៤១២នាក់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣៕

