ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី២៩ មិថុនា ថា លោកបានរកឃើញអ្នកទិញសម្រាប់កម្មវិធីវីដេអូខ្លី TikTok ដែលលោកបានចាត់ទុកថាជាក្រុម «អ្នកមានទ្រព្យសម្បត្តិច្រើន» ដែលអត្តសញ្ញាណអ្នកទាំងនេះ លោកនឹងបង្ហាញក្នុងរយៈពេលប្រហែលពីរសប្តាហ៍ទៀត។

លោក Trump បានថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធី Sunday Morning Futures របស់ ប្រព័ន្ធផ្សព្វផ្សាយ Fox News។ លោកនិយាយថា កិច្ចព្រមព្រៀងដែលលោកកំពុងធ្វើ ប្រហែលជាត្រូវការការអនុម័តពីប្រទេសចិនដើម្បីឈានឆ្ពោះទៅមុខ ហើយលោកបានគិតថា ប្រធានាធិបតីចិន លោក Xi Jinping ទំនងជានឹងអនុម័តវា។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីដើមខែនេះបានបន្ថែមពេលដល់ថ្ងៃទី១៧ ខែកញ្ញាជាថ្ងៃផុតកំណត់សម្រាប់ក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅប្រទេសចិនដើម្បីលក់ទ្រព្យសម្បត្តិក្រុមហ៊ុន TikTok ទៅឲ្យសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងមួយបានកើតឡើងនៅនិទាឃរដូវនេះ ដែលនឹងធ្វើឱ្យប្រតិបត្តិការក្រុមហ៊ុន TikTok នៅអាមេរិក ចូលទៅក្នុងក្រុមហ៊ុនថ្មីមានមូលដ្ឋាននៅសហរដ្ឋអាមេរិកភាគច្រើនគ្រប់គ្រងនិងដំណើរការដោយវិនិយោគិនអាមេរិក ប៉ុន្តែវាត្រូវបានផ្អាកបន្ទាប់ពីប្រទេសចិនបានបង្ហាញថា ខ្លួនមិនយល់ព្រមនោះទេបន្ទាប់ពីការប្រកាសរបស់លោក Trump អំពីការដំឡើងពន្ធដ៏ច្រើនលើមុខទំនិញរបស់ចិន។
លោក Trump បាននិយាយថា «យើងមានអ្នកទិញ ក្រុមហ៊ុន TikTok ។ «ខ្ញុំគិតថា ខ្ញុំប្រហែលជាត្រូវការការអនុម័តពីប្រទេសចិន។ ខ្ញុំគិតថាលោកប្រធានាធិបតី Xi ប្រហែលជានឹងអនុម័តវា»។

ច្បាប់របស់សហរដ្ឋអាមេរិកឆ្នាំ២០២៤ តម្រូវឱ្យក្រុមហ៊ុន TikTok បញ្ឈប់ប្រតិបត្តិការនៅត្រឹមថ្ងៃទី១៩ ខែមករា លុះត្រាតែ ក្រុមហ៊ុនមេ ByteDance បានបញ្ចប់ការលក់កម្មវិធីនេះទៅឲ្យសហរដ្ឋអាមេរិក ឬបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ឆ្ពោះទៅរកការលក់។