អ្នកនាំពាក្យតុលាការអ៊ីរ៉ង់ លោក Asghar Jahangir បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៩ មិថុនា ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើពន្ធនាគារ Evin ក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៣ ខែមិថុនា បានសម្លាប់មនុស្ស ៧១ នាក់ ។

នៅចុងបញ្ចប់នៃសង្រ្គាមតាមអាកាសជាមួយអ៊ីរ៉ង់ អ៊ីស្រាអែលបានវាយលុកលើពន្ធនាគារល្បីបំផុតនៅទីក្រុងតេអេរ៉ង់សម្រាប់ដាក់អ្នកទោសនយោបាយ ក្នុងការបង្ហាញថា ខ្លួនកំពុងពង្រីកគោលដៅហួសពីទីតាំងយោធា និងទីតាំងនុយក្លេអ៊ែរ ដើម្បីសំដៅទៅលើប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់។

លោក Jahangir បាននិយាយនៅក្នុងសុន្ទរកថាធ្វើឡើងនៅលើបណ្តាញផ្សព្វផ្សាយ Mizan របស់តុលាការ ថា «នៅក្នុងការវាយប្រហារលើពន្ធនាគារ Evin មនុស្ស៧១នាក់ត្រូវបានសម្លាប់រួមទាំងបុគ្គលិករដ្ឋបាល យុវជនដែលកំពុងបំពេញភារកិច្ចយោធា អ្នកជាប់ឃុំ សមាជិកគ្រួសាររបស់អ្នកជាប់ឃុំដែលកំពុងទៅសួរសុខទុក្ខពួកគេ និងអ្នកជិតខាងដែលរស់នៅក្នុងបរិវេណពន្ធនាគារ» ។
លោក Jahangir ធ្លាប់បាននិយាយថា ផ្នែកមួយនៃអគាររដ្ឋបាលរបស់ពន្ធនាគារ Evin ត្រូវបានបំផ្លាញក្នុងការវាយប្រហារ ហើយមនុស្សច្រើននាក់ត្រូវបានសម្លាប់ និងរងរបួស។ អាជ្ញាធរនិយាយថា អ្នកជាប់ឃុំដែលនៅសល់ ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារផ្សេងទៀត។