ក្រុមអាជ្ញាធរក្នុងតំបន់បានចេញការព្រមានថ្មីៗប្រឆាំងនឹងហានិភ័យនៃភ្លើងឆេះព្រៃ និងបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ខណៈអឺរ៉ុបខាងត្បូងជួបប្រទះរលកកម្ដៅដ៏ធ្ងន់ធ្ងរដំបូងគេក្នុងរដូវក្តៅ ទន្ទឹមនឹងក្រុមអ្នកជំនាញភ្ជាប់ការកើនឡើងនៃរលកកម្ដៅ និងសីតុណ្ហភាពហក់ឡើងខ្ពស់ ទៅនឹងបម្រែបម្រួលអាកាសធាតុ។

រលកកម្ដៅដ៏ខ្លាំង ត្រូវបានកត់ត្រាក្នុងប្រទេសអ៊ីតាលី ក្រិក អេស្ប៉ាញ និងព័រទុយហ្គាល់ រហូតដល់ ថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ ដោយអ្នកស្រុក និងអ្នកទេសចរកំពុងជួបប្រទះនឹងស្ថានភាពដ៏ក្តៅ។
ពីរភាគបីនៃប្រទេសព័រទុយហ្គាល់បានប្រកាសអាសន្នកម្រិតខ្ពស់កាលពីថ្ងៃអាទិត្យសម្រាប់កម្ដៅខ្លាំង និងភ្លើងឆេះព្រៃ ដោយសីតុណ្ហភាពនៅទីក្រុង Lisbon ត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិត ៤២អង្សាសេ ។
វិទ្យាស្ថានព័រទុយហ្គាល់សម្រាប់សមុទ្រ និងបរិយាកាស (IPMA) បាននិយាយថា តំបន់ជាច្រើននៅពាក់កណ្តាលភាគខាងត្បូងនៃប្រទេសព័រទុយហ្គាល់ រួមទាំងទីក្រុង Lisbon ស្ថិតនៅក្រោមការព្រមានពណ៌ក្រហមរហូតដល់យប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយសារតែ សីតុណ្ហភាពក្ដៅអតិបរិមាមានកម្រិតខ្ពស់ខ្លាំង ។
ក្រុមអ្នកពន្លត់អគ្គិភ័យបានបញ្ជូនកម្លាំងរបស់ខ្លួននៅក្នុងប្រទេសរៀងៗខ្លួន ដើម្បីពន្លត់អណ្ដាតភ្លើង ដែលបានឆាបឆេះក្នុងប្រទេសបារាំង និងទួរគី កាលពីថ្ងៃអាទិត្យ ដោយប្រទេសផ្សេងទៀតបានប្រកាសអាសន្នកាន់តែខ្លាំងនៃហានិភ័យបចំហេះព្រៃ ។ខ្យល់ខ្លាំងបានជំរុញឲ្យមានចំហេះព្រៃកាន់តែខ្លាំងនៅក្នុងខេត្ត Izmir ភាគខាងលិចរបស់ទួរគី។ ចំណែកនៅប្រទេសក្រិក ឯណោះវិញ ក៏ជួបប្រទះចំហេះព្រៃផងដែរ និងបានបង្ខំឲ្យប្រជាពលរដ្ឋនៅភាគខាងត្បូងរដ្ឋធានីអាតែន ជម្លៀសចេញពីលំនៅឋាន៕

