ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ជាថ្មីថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺជាជោគជ័យមួយ និងបាននិយាយថា លោកអាចដកទណ្ឌកម្មលើអ៊ីរ៉ង់ ដោយអាស្រ័យលើការឆ្លើយតបនាពេលអនាគតរបស់ប្រទេសនេះ។ លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យថា រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបាន «បំផ្លាញចោល ដូចដែលគ្មាននរណាម្នាក់ធ្លាប់បានឃើញកាលពីពេលមុន»។

លោក បានបញ្ជាក់ថា អ៊ីរ៉ង់ មិនអាចរើសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចចេញពីរោងចក្រនុយក្លេអ៊ែររបស់ខ្លួននៅមុនពេលដែលសហរដ្ឋអាមេរិកវាយប្រហារនោះទេ។ ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនបានរាយការណ៍អំពីការវាយតម្លៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលនិយាយថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានស្តារឡើងវិញក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។
លោក Trump បានសង្កត់ធ្ងន់ពីជំហររបស់លោកថា អ៊ីរ៉ង់មិនគួរបន្តកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយលោកនិយាយថា លោកនឹងដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ប្រសិនបើ «ពួកគេអាចធ្វើដោយសន្តិវិធី និងប្រសិនបើពួកគេអាចបង្ហាញយើងថា ប្រទេសនេះនឹងលែងបង្កគ្រោះថ្នាក់អ្វីទៀតហើយ»។
ជាក់ស្តែង លោកប្រធានាធិបតី កំពុងដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ ឱ្យធ្វើសម្បទានលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយនិយាយថា ទណ្ឌកម្មអាចត្រូវបានដកចេញ អាស្រ័យលើការឆ្លើយតបរបស់អ៊ីរ៉ង់។

