ក្រុមហ៊ុន Mineral Resources ជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់និង៧នាក់បានរងរបួស បន្ទាប់ពីអណ្តូងរ៉ែមាសមួយកន្លែង បានបាក់រលំនៅភាគឦសានប្រទេសស៊ូដង់។ ក្រុមហ៊ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅឯអណ្តូងរ៉ែ Kersh Al-Feel ក្នុងតំបន់Houeid រវាងទីក្រុង Atbara និង Haya ក្នុងរដ្ឋ Red Sea។

ក្រុមហ៊ុន បាននិយាយថា អណ្តូងរ៉ែនេះ កាលពីពេលមុនត្រូវបានបញ្ជាឱ្យបិទដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ដោយក្រុមហ៊ុន បានសន្យាថានឹងបន្តត្រួតពិនិត្យសកម្មភាពជីករករ៉ែ និងធ្វើឲ្យប្រសើរស្តង់ដារសុវត្ថិភាព ដោយជំរុញឱ្យកម្មករជីករករ៉ែគោរពតាមច្បាប់សុវត្ថិភាព និងបរិស្ថាន។
ការជីកយករ៉ែបែបប្រពៃណី មានចំណែកយ៉ាងសំខាន់នៃផលិតកម្មរ៉ែមាសរបស់ប្រទេសស៊ូដង់ ប៉ុន្តែវិស័យនេះ បានជួបគ្រោះថ្នាក់ជាញឹកញាប់ដោយសារតែស្តង់ដារសុវត្ថិភាពមិនល្អ និងហេដ្ឋារចនាសម្ព័ន្ធមានអាយុកាលចំណាស់។
