រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទទួលស្គាល់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ជាអ្នកផ្តួចផ្តើមគំនិតនៃ «ការឈ្លានពាន»ប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) និងប្រធានក្រុមប្រឹក្សាសន្តិសុខ UN លោកស្រី Carolyn Rodrigues-Birkett លោក Araghchi បានជំរុញឲ្យក្រុមប្រឹក្សានេះ បំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។

លោកបានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅដោយចេតនាលើអគារលំនៅឋាន ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយពណ៌នាអំពីការវាយប្រហារថា ជា «ការរំលោភបំពានយ៉ាងច្បាស់» លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងជា «ការបំពានយ៉ាងធ្ងន់ធ្ងរ»លើច្បាប់អន្តរជាតិ។
លោក Araghchi បាននិយាយថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក៏បានកំណត់គោលដៅទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលការពារដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជា«ការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិនរីកសាយភាយ ក៏ដូចជាយន្តការ និងសេចក្តីសម្រេចរបស់ IAEA»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែឲ្យ«អ្នកឈ្លានពាន»ទទួលខុសត្រូវ និងធ្វើសកម្មភាព ដើម្បីទប់ស្កាត់«ឧក្រិដ្ឋកម្ម»បែបនេះ មិនឲ្យកើតឡើងតទៅទៀត។
កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើតំបន់ជាច្រើន ក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើននាក់។ អ៊ីរ៉ង់បានឆ្លើយតបនឹងការវាយប្រហារនោះ ដោយមីស៊ីល និងយានដ្រូនជាច្រើនគ្រឿងទៅលើអ៊ីស្រាអែល។
