រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty កាលពីថ្ងៃអាទិត្យ បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់ ក្នុងការទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីន នៅលើទឹកដីនៃតំបន់វេសបែង និងតំបន់ហ្កាហ្សាស្ទ្រីប ដោយមានទីក្រុងហ្ស៊េរុយាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។

លោកបានធ្វើអត្ថាធិប្បាយរបស់ខ្លួនក្នុងអំឡុងពេលកិច្ចប្រជុំ នៅទីក្រុងគែរជាមួយលោក Christophe Bigot តំណាងពិសេសរបស់សហភាពអឹរ៉ុប (EU) សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា។ ទីភ្នាក់ងារសារព័ត៌មាន Wafa បានរាយការណ៍ថា លោក Abdelatty បាននិយាយថា ការបង្កើតរដ្ឋប៉ាឡេស្ទីន គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពយូរអង្វែងក្នុងតំបន់។
លោកសង្ឃឹមចំពោះការទទួលស្គាល់ជាអន្តរជាតិកាន់តែទូលំទូលាយអំពីរដ្ឋប៉ាឡេស្ទីន និងសម្រាប់ការរៀបចំសន្និសីទអន្តរជាតិដែលមានគោលបំណងដោះស្រាយបញ្ហាប៉ាឡេស្ទីន តាមរយៈមធ្យោបាយសន្តិ វិធី។
ការអត្ថាធិប្បាយរបស់លោក Abdelatty បានធ្វើឡើងបន្ទាប់ពីការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ដែលបាននិយាយកាលពីថ្ងៃអាទិត្យក្នុងអំឡុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន LCI របស់បារាំងថា ប្រទេសបារាំង «ប្តេជ្ញាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន» ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់សកម្មភាពអន្តរជាតិ ទាក់ទងនឹងស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើង នៅក្នុងតំបន់ហ្កាហ្សា។
