ភ្នំពេញ៖ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការអំពាវនាវដល់សមាជិក សមាជិកា ព្រឹទ្ធាចារ្យគណបក្សទាំងអស់រូបរួមគ្នា សាមគ្គីគ្នា ដើម្បីលើកកម្ពស់គណបក្សហ៊្វុនស៊ិនប៉ិចឡើង វិញ ខណៈបច្ចុប្បន្នគណបក្សនេះបានកំពុងធ្លាក់ប្រជាប្រិយភាព ដោយសារតែការការលាបពរណ៌គ្នា និងច្រណែនឈ្នានីសគ្នាជាដើមនោះ។
នៅក្នុងពិធីចុះសំណេះ ជាមួយសមាជិក-សមាជិកា គណបក្សនៅទូទាំងរាជធានី-ខេត្ត កាលពី ថ្ងៃទី៣០ ខែធ្នូ ម្សិលមិញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទួលថា បើស្រលាញ់ហ្វ៊ុនស៊ិនប៉ិច និង ចង់ឲ្យគណបក្សដែលជាកេរ្តិ៍មរតករបស់សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋឲ្យមានភាពល្អប្រសើ ឡើងវិញនោះគប្បីបញ្ឈប់ការឈ្លោះគ្នា ញុះញង់ឲ្យមានការរើសអើងគ្នាទៅវិញទៅមក ខណៈវប្បធម៌បែប នេះបានកើតជាយូរណាស់មកហើយចំពោះគណបក្សមួយនេះ។
ព្រះអង្គម្ចាស់បានមានបន្ទួលថា តាំងពីដើមមកព្រះអង្គតែងតែឃើញ និងឮចំពោះការមិនចុះសម្រុងគ្នារវាងថ្នាក់ដឹកនាំគណបក្សជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយព្រះ អង្គបានរំពឹងថា សមាជិក-សមាជិកាទាំងអស់ នឹងចាប់ផ្តើមចាប់ដៃគ្នា សាមគ្នាឡើងវិញដើម្បីភាពរីកចំរើន របស់គណបក្ស និងឈានទៅការចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។
នៅក្នុងពិធីសំណេះសំណាលនោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏មានការតាំងចិត្ត និងមានជំនឿជឿជាក់ក្នុងការ ដឹកនាំរបស់ព្រះអង្គចំពោះ គណបក្សហ្វ៊ុនស៊ិនប៉ិច ឲ្យមានភាពល្អប្រសើឡើងវិញផងដែរ ខណៈនាពេលបច្ចុប្បន្នគណបក្សនេះ គណបក្សនេះពុំមានសំឡេងនៅក្នុងរដ្ឋសភា ដូចពីអតីតកាលក៏ដោយនោះ។ ព្រះអង្គម្ចាស់ក៏ណែនាំដល់សហជីវិន សហជីវិនី របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបំរើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនោះ៕ អត្ថបទ៖ បាន ចក់










