រដ្ឋមន្ត្រីការបរទេសលោក Jean-Noel Barrot បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសបារាំង «បានត្រៀមខ្លួនជាស្រេច ហើយអឺរ៉ុបក៏បានចូលរួមចំណែកដល់ការធ្វើឲ្យមានសុវត្ថិភាពដល់ការចែកចាយអាហារ»ដល់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង នៅពេលដែលការរិះគន់ កំពុងកើនឡើងជុំវិញការស្លាប់របស់ ជនស៊ីវិលនៅមជ្ឈមណ្ឌលចែកចាយអាហារ ដែលគាំទ្រដោយអ៊ីស្រាអែល នៅក្នុងទឹកដីនេះ។
លោកបានបន្ថែមថា គំនិតផ្តួចផ្តើមបែបនេះ ក៏នឹងដោះស្រាយជាមួយនឹងកង្វល់របស់អ៊ីស្រាអែល ដែលក្រុមប្រដាប់អាវុធ ដូចជាក្រុមហាម៉ាស កំពុងទទួលបានជំនួយដែរនោះ។
លោក Barrot បានសម្តែងការខឹងសម្បារចំពោះ«មនុស្សជាង ៥០០នាក់ ដែលបានបាត់បង់ជីវិត ក្នុងការចែកចាយអាហារ» នៅតំបន់ហ្កាហ្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyanu) កាលពីថ្ងៃសុក្រ បានរិះគន់របាយការណ៍មួយ នៅក្នុងសារព័ត៌មានប្រចាំថ្ងៃ Haaretz ដែលមាននិន្នាការឆ្វេងនិយម ថា ជាការបង្ខូចកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ ដែលបានចោទប្រកាន់ថា មេបញ្ជាការយោធា បានបញ្ជាឲ្យទាហានបាញ់ទៅលើប្រជាជនប៉ាឡេស្ទីន ដែលស្វែងរកជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។
