បាល់ទាត់៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកនារី ឬលីគរីឆ្នាំ២០២១ បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២ ហើយ ខណៈក្រុមភ្នំពេញក្រោន ណាហ្គាវើលដ៏-កំពង់ស្ពឺ និងក្លិបបាល់ទាត់សៀមរាបបានបន្ដជ័យជម្នះរៀងៗខ្លួនកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ។

ចំពោះក្រុមភ្នំពេញក្រោនគឺបានយកឈ្នះក្រុមបាល់ទាត់នារីបឹងកេតដោយលទ្ធផល ៥-០ នៅកីឡដ្ឋាន Smart RSN ស្របពេលក្រុមណាហ្គាវើលដ៏-កំពង់ស្ពឺបានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-០។ រីឯក្រុមបាល់ទាត់សៀមរាបបានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ៤-០ នៅកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាច។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមទាំងពីររកបាន ៦ពិន្ទុស្មើគ្នាបន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតផ្ទួនៗនាដើមរដូវកាលថ្មីនេះ។ រីឯក្រុមបឹងកេតបានស្គាល់បរាជ័យលើកដំបូងក្រោយរកបាន ៣ពិន្ទុពីការប្រកួតបើកឆាក ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង និងខេត្តកំពង់ឆ្នាំងបានរងបរាជ័យ ២ប្រកួតផ្ទួនៗដូចគ្នាមិនទាន់មានពិន្ទុនោះទេ។ ដោយឡែកលទ្ធផលការប្រកួតសប្ដាហ៍ទី២ ចំនួន ២គូផ្សេងទៀតខេត្តបាត់ដំបងបានទទួល ៣ពិន្ទុដំបូង ក្រោយយកឈ្នះខេត្តកណ្ដាលដោយលទ្ធផល ៣-២ នៅសាលបឋមសិក្សាតាគ្រាម៕
អត្ថបទ៖ លី ឈុនឡា