ប្រមុខកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យ (ទី២៩ ខែមិថុនា) បានប្រាប់ឲ្យដឹងថា ការផ្ដល់ការគាំទ្រលើជំនួយ មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សន្តិភាព ក្នុងគ្រាមានភាពចលាចលជាសកល និងការកាត់ផ្តាច់ជំនួយបរទេសយ៉ាងច្រើន។
អំឡុងបទសម្ភាសមួយ នៅមុនថ្ងៃសន្និសីទរបស់ UN រយៈពេល ៤ថ្ងៃ នៅប្រទេសអេស្ប៉ាញ ដែលមានគោលបំណងប្រមូលផ្តុំកម្លាំងជំរុញថ្មី សម្រាប់វិស័យអភិវឌ្ឍន៍ដែលកំពុងជួបបញ្ហានោះ លោក Haoliang Xu បានបញ្ជាក់ថា ការគាំទ្រជំនួយ ពាណិជ្ជកម្ម និងការពារជាតិ គឺ «មិនមែនជាល្បែងយកឈ្នះយកចាញ់» នោះទេ។
លោក Xu បានលើកឡើងថា «កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ មានសារៈសំខាន់ណាស់ ក្នុងការកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព» ដោយបានកត់សម្គាល់ថា ភាគច្រើននៃប្រជាជនក្រីក្ររបស់ពិភពលោក រស់នៅក្នុងប្រទេសដែលរងគ្រោះដោយជម្លោះ។

ម្ចាស់ជំនួយដែលមានទ្រព្យសម្បត្តិ ជាពិសេសសហរដ្ឋអាមេរិក និងបណ្តាប្រទេសអ៊ឺរ៉ុប បានកាត់បន្ថយថវិកាជំនួយ ហើយទៅបង្កើនការចំណាយ លើវិស័យការពារជាតិ ខណៈដែលជម្លោះ នៅប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខពិភពលោក។ ហើយលោក Xu បាននិយាយថា ការចំណាយលើផ្នែកយោធា បានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ២,៧សែនកោដិដុល្លារ ក្នុងឆ្នាំ២០២៤ ដែលកើនឡើង ២០ភាគរយពីឆ្នាំមុន។
ប៉ុន្តែអ្នកការទូតចិនរូបនេះ បានទទូចថា វាស្ថិតក្នុងផលប្រយោជន៍របស់ប្រទេសអ្នកមាន ក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ទោះបីជាមានអាទិភាពប្រកួតប្រជែងគ្នា និងវិបត្តិក៏ដោយ។ លោកបានសង្កត់ថ្ងន់ថា៖ «ការបង្កើតមូលនិធិ សម្រាប់សន្តិភាព ការគាំទ្រដល់ស្ថិរភាពនៅក្នុងប្រទេសដែលផុយស្រួយ ជួយកាត់បន្ថយបន្ទុកនៅក្នុងប្រទេសដែលមានបញ្ហាធ្វើអន្តោប្រវេសន៍»។
បើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Oslo បានឲ្យដឹងថា កាលពីឆ្នាំមុន ពិភពលោកបានរងគ្រោះដោយចំនួននៃការមានជម្លោះប្រដាប់អាវុធច្រើនបំផុត គិតចាប់តាំងពីឆ្នាំ១៩៤៦។ ធនាគារពិភពលោកបានឲ្យដឹងថា ចំនួនប្រជាជនក្រីក្រខ្លាំងបំផុតដែលរស់នៅក្រោមចំណូល ៣ដុល្លារ ក្នុងមួយថ្ងៃ នៅក្នុងប្រទេសដែលរងគ្រោះដោយជម្លោះ និងអស្ថិរភាព នឹងកើនឡើងដល់ ៤៣៥លាននាក់ នៅឆ្នាំ២០៣០៕

