រដ្ឋមន្ត្រីការបរទេស លោក Gideon Saar នៅថ្ងៃចន្ទ (ទី៣០ ខែមិថុនា) នេះ បាននិយាយថា ប្រទេសអ៊ីស្រាអែល «ចង់» ឈានដល់កិច្ចព្រមព្រៀង «សន្តិភាព និងធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនង» ជាមួយប្រទេសជិតខាងរបស់ខ្លួន គឺលីបង់ និងស៊ីរី។
នៅឯសន្និសីទសារព័ត៌មាន ដោយសំដៅលើកិច្ចព្រមព្រៀងគាំទ្រដោយសហរដ្ឋអាមេរិកដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០២០ ដោយអ៊ីស្រាអែល ជាមួយប្រទេសអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក លោក Saar បានប្រាប់ថា៖ «អ៊ីស្រាអែលចង់ពង្រីករង្វង់នៃកិច្ចព្រមព្រៀង Abraham នៃសន្តិភាព និងការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនង»។

លោកបានបន្ថែមថា៖ «យើងចង់បន្ថែមស៊ីរី និងលីបង់ ដែលជាប្រទេសជិតខាងរបស់យើង ទៅក្នុងរង្វង់នៃកិច្ចព្រមព្រៀងសន្តិភាព និងការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនង ខណៈដែលការពារផលប្រយោជន៍សំខាន់ៗ និងសន្តិសុខរបស់អ៊ីស្រាអែល»។
លោក Saar បានប្រាប់ថា តំបន់ Golan Heights ដែលត្រូវបានកាន់កាប់ «នឹងនៅតែជាផ្នែក» របស់ប្រទេសអ៊ីស្រាអែល ក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានជាមួយស៊ីរី។
អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹម លោក Saar បានប្រាប់ថា «នៅពេលមានកិច្ចព្រមព្រៀងសន្តិភាពណាមួយ តំបន់ Golan នឹងនៅតែជាផ្នែករបស់រដ្ឋអ៊ីស្រាអែល» ដោយលោកនិយាយសំដៅទៅលើដែនដីដែលអ៊ីស្រាអែលដណ្តើមបានពីស៊ីរី ក្នុងឆ្នាំ១៩៦៧ ហើយក្រោយមកត្រូវបានបញ្ចូលជាដែនដីឧបសម្ព័ន្ធ ជាការសម្រេចដែលមិនត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិឡើយ៕

