អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei នៅថ្ងៃចន្ទ (ទី៣០ ខែមិថុនា) នេះ បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់មិនអាចធានាសុវត្ថិភាពឲ្យមន្ត្រីត្រួតពិនិត្យពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឡើយ ដោយការលើកឡើងនេះកើតមាននៅប៉ុន្មានថ្ងៃបន្ទាប់ពីទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ បានរងគ្រោះដោយសារការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
លោក Baghaei បានបន្ថែមថា ប្រទេសរបស់លោក ក៏មិនអាចធានាបានដែរនូវកិច្ចសហប្រតិបត្តិការជាធម្មតារបស់ខ្លួនជាមួយទីភ្នាក់ងារនេះ។ អ៊ីរ៉ង់បានប្រាប់ថា ខ្លួនជឿជាក់ថា សេចក្ដីសម្រេចរបស់ IAEA កាលពីថ្ងៃទី១២ ខែមិថុនា ដែលបានចោទប្រកាន់ថា ខ្លួនមិនអើពើនឹងកាតព្វកិច្ចនុយក្លេអ៊ែររបស់ខ្លួននោះ ត្រូវបានប្រើជា «លេស» ដើម្បីបង្កើតសង្គ្រាម ដែលអ៊ីស្រាអែលបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមិថុនា និងដែលបានបញ្ចប់ដោយការមានបទឈប់បាញ់ដ៏ផុយស្រួយមួយ កាលពីសប្តាហ៍មុន។
ក្រុងតេអេរ៉ង់បានចោទប្រកាន់ប្រមុខ IAEA លោក Rafael Grossi ថា បាន «ក្បត់កាតព្វកិច្ចរបស់លោក» ដោយមិនថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយសមាជិកសភាអ៊ីរ៉ង់ នៅសប្តាហ៍នេះ បានបោះឆ្នោតព្យួរកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងនៅលើបណ្ដាញសង្គម X ថា ការទទូចរបស់លោក Grossi ក្នុងការចង់ទៅមើលទីតាំងដែលត្រូវបានទម្លាក់គ្រាប់បែក គឺ «គ្មានន័យអ្វីទេ ហើយប្រហែលជាមានចេតនាអាក្រក់ផងដែរ»៕