រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃចន្ទ (ទី៣០ ខែមិថុនា) នេះ បាននិយាយថា ទីក្រុងមូស្គូមានគម្រោងកាត់បន្ថយការចំណាយលើវិស័យការពារជាតិ ប៉ុន្តែលោកគិតថា ការសម្រេចរបស់ប្រទេសសមាជិកនៃអង្គការណាតូ (NATO) ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេ នៅទីបំផុតអាចនាំទៅដល់ការដួលរលំនៃសម្ព័ន្ធភាពនេះ។
មេដឹកនាំអង្គការណាតូ កាលពីថ្ងៃពុធសប្ដាហ៍កន្លងមក បានគាំទ្រការដំឡើងយ៉ាងច្រើននូវការចំណាយលើវិស័យការពារជាតិដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទាមទារ ហើយបានលើកឡើងថា ពួកគេរួមគ្នាប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមក ប្រឆាំងនឹងអ្វីដែលពួកគេបានចាត់ទុកជាការគំរាមកំហែងពីរុស្ស៊ី។
នៅពេលត្រូវបានសួរ អំពីការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បើតាមសេចក្ដីរាយការណ៍ បាននិយាយថា ការប្រណាំងប្រជែងសព្វាវុធ រវាងរុស្ស៊ី និងលោកខាងលិច អាចបង្កឲ្យមានការដួលរលំនៃរបបរបស់លោកប្រធានាធិបតី Vladimir Putin លោក Lavrov បានឆ្លើយថា លោកគិតថា អង្គការណាតូអាចដួលរលំ។
លោក Lavrov បាននិយាយថា៖ «ចាប់តាំងពីគាត់ (លោក Sikorski) ជាអ្នកព្យាករបែបនេះ គាត់ប្រហែលជាបានមើលឃើញថា ការដំឡើងដ៏មហន្តរាយនូវថវិការបស់ប្រទេសសមាជិកអង្គការណាតូ បើតាមការប៉ាន់ស្មានរបស់ខ្ញុំ ក៏នឹងនាំទៅដល់ការដួលរលំនៃអង្គការនេះផងដែរ»។
រុស្ស៊ី ដែលបានចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ បានច្រានចោលនូវការអះអាងរបស់លោកខាងលិច ដែលថា ខ្លួននឹងវាយប្រហារសមាជិករបស់អង្គការណាតូនៅថ្ងៃណាមួយ ជាការបោះជំហានដែលទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក លើកឡើងដូចគ្នាថា អាចបង្កឲ្យមានសង្រ្គាមលោកលើកទី៣៕