ភាពតានតឹង រវាងរុស្ស៊ី និងអាស៊ែបៃហ្សង់ បានកើនឡើងនៅថ្ងៃចន្ទ (ទី៣០ ខែមិថុនា) នេះ បន្ទាប់ពីវិមានក្រឹមឡាំង បានឲ្យដឹងថា ខ្លួនមិនយល់ស្របនឹងការសម្រេចរបស់អាស៊ែបៃហ្សង់ ក្នុងការលុបចោលព្រឹត្តិការណ៍វប្បធម៌រុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងការចាប់ខ្លួនជនជាតិភាគតិចអាស៊ែបៃហ្សង់ ដែលសង្ស័យថា ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ នៅក្នុងប្រទេសរុស្ស៊ី។
អង្គភាពស៊ើបអង្កេត នៅក្នុងទីក្រុងឧស្សាហកម្ម Yekaterinburg របស់រុស្ស៊ី បានធ្វើការវាយឆ្មក់ជាបន្តបន្ទាប់ កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលមិនអាចដោះស្រាយបានជាប្រវត្តិសាស្ត្រ ក្នុងនោះរួមទាំងការសម្លាប់ជាបន្តបន្ទាប់ផងដែរ។ ពួកគេបានឲ្យដឹងថា ពួកគេបានឃាត់ខ្លួនមនុស្ស ៦នាក់ ដែលសុទ្ធតែមានលិខិតឆ្លងដែនរុស្ស៊ី ប៉ុន្តែពួកគេក៏បាននិយាយដែរថា ជនសង្ស័យ ២នាក់ បានបាត់បង់ជីវិត។
អង្គភាពស៊ើបអង្កេតបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យម្នាក់ បានស្លាប់ដោយសារជំងឺខ្សោយបេះដូង ហើយការធ្វើតេស្តវេជ្ជសាស្រ្ត នឹងបង្ហាញពីមូលហេតុនៃការស្លាប់របស់ជនសង្ស័យម្នាក់ទៀត។
តែទីក្រុងបាគូ បានចោទប្រកាន់នគរបាលស្ស៊ីថា បានអនុវត្តការសម្លាប់ក្រៅប្រព័ន្ធតុលាការ «ដោយសារហេតុផលជាជនជាតិភាគតិច» ជាការចោទប្រកាន់ដែលទីក្រុងមូស្គូបានច្រានចោល។ ហើយនៅថ្ងៃចន្ទនេះ នគរបាលក្នុងប្រទេសអាស៊ែបៃហ្សង់ បានប្រាប់ថា ពួកគេកំពុងធ្វើការវាយឆ្មក់ នៅការិយាល័យរបស់សារព័ត៌មាន Sputnik Azerbaijan ដែលជាសាខាក្នុងស្រុករបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Rossiya Segodnya។
កាលពីថ្ងៃអាទិត្យ (ទី២៩ ខែមិថុនា) ក្រសួងវប្បធម៌របស់អាស៊ៃបៃហ្សង់ បានឲ្យដឹងថា ខ្លួនកំពុងលុបចោលព្រឹត្តិការណ៍វប្បធម៌ដែលបានគ្រោងទុកដោយអង្គការរដ្ឋ និងឯកជនរបស់រុស្ស៊ី ដោយសារ «ការសម្លាប់ដោយចេតនា និងក្រៅប្រព័ន្ធតុលាការ ហើយនិងអំពើហិង្សាដែលប្រព្រឹត្តដោយភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ី»។
នៅពេលត្រូវបានសួរអំពីការសម្រេចរបស់ក្រសួងវប្បធម៌នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃចន្ទនេះថា៖ «យើងពិតជាសោកស្តាយ ចំពោះការសម្រេចចិត្តបែបនេះ។ វាមានសារៈសំខាន់ណាស់ ក្នុងការបន្តធ្វើការ ដើម្បីបញ្ជាក់អំពីហេតុផល និងលក្ខណៈនៃព្រឹត្តិការណ៍ ដែលតាមទស្សនៈរបស់ភាគីអាស៊ៃបៃហ្សង់ បណ្តាលឲ្យមានចំណាត់ការបែបនេះ»៕