ដោយមានរយៈពេលជិត ១សប្ដាហ៍ គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃចន្ទ (ទី៣០ ខែមិថុនា) នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៩៣៥នាក់ ត្រូវបានសម្លាប់ នៅអ៊ីរ៉ង់ ក្នុងអំឡុងពេលមានសង្គ្រាមរយៈពេល ១២ថ្ងៃរបស់ប្រទេសនេះជាមួយអ៊ីស្រាអែល
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានដកស្រង់សម្តីអ្នកនាំពាក្យតុលាការ លោក Asghar Jahangir ដែលបាននិយាយថា៖ «ក្នុងអំឡុងពេលមានសង្រ្គាមរយៈពេល ១២ថ្ងៃ ដែលបង្កឡើងដោយរបបគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ប្រឆាំងនឹងប្រទេសរបស់យើង ជនរងគ្រោះបាត់បង់ជីវិតចំនួន ៩៣៥នាក់ ត្រូវបានកំណត់អត្តសញ្ញាណរហូតមកដល់ពេលនេះ»។ ជាមួយគ្នានេះ លោក Jahangir បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ ក៏រួមមានទាំងស្ត្រី ១៣២នាក់ និងកុមារ ៣៨នាក់ផងដែរ។
សូមបញ្ជាក់ថា អ៊ីស្រាអែល កាលពីថ្ងៃទី១៣ ខែមិថុនា បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំមួយលើអ៊ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្របរមាណូ។ យុទ្ធនាការរបស់អ៊ីស្រាអែលនោះ បានវាយប្រហារមូលដ្ឋានយោធា ទីតាំងនុយក្លេអ៊ែរ ក៏ដូចជាតំបន់លំនៅឋាន នៅទូទាំងប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់បានសងសឹកវិញដោយការបាញ់មីស៊ីលបន្តកន្ទុយគ្នាបន្តបន្ទាប់ និងការវាយប្រហារដោយយានដ្រូន ដែលបានវាយប្រហារទីក្រុងធំៗ ក្នុងប្រទេសអ៊ីស្រាអែល ក្នុងនោះមានទាំងទីក្រុង Tel Aviv និង Haifa ផងដែរ ដោយបានបណ្ដាលឲ្យមនុស្ស ២៨នាក់ស្លាប់។
បទឈប់បាញ់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានចូលជាធរមានកាលពីថ្ងៃទី២៤ ខែមិថុនា៕