ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃចន្ទ (ទី៣០ ខែមិថុនា) នេះ បានបង្ហាញឲ្យឃើញពីមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) គ្របមឈូសដោយទង់ជាតិ ជាអ្វីដែលហាក់ដូចជាការធ្វើមាតុភូមិនិវត្តន៍របស់ទាហានដែលត្រូវបានសម្លាប់ អំឡុងពេលប្រយុទ្ធរួមជាមួយរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ខណៈដែលប្រទេសទាំង២ បានចុះសន្ធិសញ្ញាយោធាដ៏សំខាន់ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន។
តាមរយៈរូបថតជាច្រើនសន្លឹកបញ្ចាំងនៅលើអេក្រង់ដ៏ធំមួយ នៅឯកម្មវិធីសម្ដែងសមោសររបស់ជនជាតិកូរ៉េខាងជើង និងទស្សនកិច្ចរបស់សិល្បកររុស្ស៊ី នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ (ខែ២៩ ខែមិថុនា) លោក គីម ត្រូវបានគេមើលឃើញថា កំពុងឈរនៅក្បែរមឈូសតម្រៀបជាច្រើន ដោយគ្របមឈូសទាំងនោះដោយទង់ជាតិ និងដាក់ដៃទាំង២ ពីលើមួយភ្លែត។
ទិដ្ឋភាពនោះបានកើតមានឡើងបន្ទាប់ពីមានរូបភាពទាហានកូរ៉េខាងជើង និងទាហានរុស្ស៊ី គ្រវីទង់ជាតិដោយមានអក្សរស្នេហាជាតិជាភាសាកូរ៉េ។ លោក គីម ត្រូវបានគេឃើញនៅក្នុងពិធីសមោសរនោះហាក់ដូចជាកំពុងប្រឹងទប់អារម្មណ៍ ខណៈអ្នកចូលរួមបានជូតទឹកភ្នែក។
ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KRT បានចាក់ផ្សាយវីដេអូនៃព្រឹត្តិការណ៍នេះ ដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីវប្បធម៌រុស្ស៊ី លោកស្រី Olga Lyubimova ដែលកំពុងដឹកនាំគណៈប្រតិភូ ដើម្បីប្រារព្ធខួបលើកទីមួយនៃសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងនាមជាភ្ញៀវរបស់លោក គីម។
លោក គីម និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ដែលរួមមានកតិកាសញ្ញាការពារទៅវិញទៅមក កាលពីខែមិថុនាឆ្នាំមុន នៅទីក្រុងព្យុងយ៉ាង៕