ស្ត្រីម្នាក់ បានបាត់បង់ជីវិត មនុស្ស ២នាក់ត្រូវបានគេបារម្ភថា បាត់ខ្លួន ហើយ ៨៧នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាវាដឹកជនអន្តោប្រវេសន៍ លិចនៅម្ដុំកោះ Lampedusa របស់ប្រទេសអ៊ីតាលី។ នេះបើតាមការឲ្យដឹងពីមន្ត្រីទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី៣០ ខែមិថុនា) នេះ។
កោះ Lampedusa ស្ថិតនៅចន្លោះប្រទេសទុយនីស៊ី ម៉ាល់តា និងកោះធំជាងរបស់អ៊ីតាលី គឺកោះស៊ីស៊ីលី ហើយជាកំពង់ផែដំបូង ដែលជនអន្តោប្រវេសន៍ជាច្រើនទៅឈប់សំចត ដើម្បីស្វែងរកផ្លូវទៅកាន់សហភាពអឺរ៉ុប (EU) ពេលចាកចេញពីអាហ្វ្រិកខាងជើង ដោយបានក្លាយជាច្រកឆ្លងកាត់ផ្លូវសមុទ្រដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក។
អ្នកនាំពាក្យរបស់អង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍ (IOM) លោក Flavio Di Giacomo បាននិយាយថា ជនអន្តោប្រវេសន៍ ដែលត្រូវបានជួយសង្គ្រោះដំបូងដោយទូកនេសាទទុយនីស៊ី និងបន្ទាប់មកត្រូវបានទទួលដោយឆ្មាំល្បាតឆ្នេរអ៊ីតាលី បានទៅដល់កោះ Lampedusa នៅវេលាម៉ោង ៤ព្រឹក ម៉ោងក្នុងស្រុក។
លោកបាននិយាយថា ពួកគេបានចេញដំណើរពីទុយនីស៊ី តាមទូកដែកដ៏ស្តើងមួយ ដែលបានបាក់បែកក្នុងអំឡុងពេលធ្វើនាវាចរ។ លោកបានបន្ថែមថា៖ «យើងកំពុងព្យាយាមមើលថា តើក្រៅពីសពដែលត្រូវបានរកឃើញ មនុស្សម្នាក់ ឬ ២នាក់ផ្សេងទៀត បាត់ខ្លួន ប្រហែលជា ២នាក់»។
លោក Di Giacomo បានឲ្យដឹងទៀតថា ក្រុមជនអន្តោប្រវេន៍តាមសមុទ្រប្រហែល ៨០នាក់ផ្សេងទៀត រួមទាំងកុមារ និងស្ត្រីមានផ្ទៃពោះ ២ ឬ ៣នាក់ផងដែរ ក៏បានចុះនៅកោះ Lampedusa បន្ទាប់ពីធ្វើដំណើរឆ្លងកាត់អាកាសធាតុដ៏អាក្រក់៕