កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបដែលរងការឡោមព័ទ្ធ ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់៩៥ នាក់ រួមទាំងអ្នកស្វែងរកជំនួយ និងក្រុមគ្រួសារដែលជ្រកកោនក្នុងសាលារៀន ព្រមទាំងបណ្ដាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារដាក់គោលដៅលើមន្ទីរពេទ្យដែលមានមនុស្សច្រើនផងដែរ។

ក្នុងការវាយប្រហារឥតឈប់ឈរកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មានជនរងគ្រោះ៦២នាក់ក្នុងក្រុងហ្កាហ្សា និងភាគខាងជើងនៃដែនដីនេះ។ កងទ័ពជើងទឹកអ៊ីស្រាអែលបានវាយលុកលើហាងកាហ្វេមួយកន្លែងនៅមាត់សមុទ្រក្នុងទីក្រុង ហ្កាហ្សា ជាទីដែលយោធាបានបង្កើនការវាយប្រហារយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សជាង ៣០ នាក់ និងរាប់សិបនាក់ទៀតរងរបួស។
ក្នុងចំណោមអ្នកស្លាប់មានស្ត្រី កុមារ និងអ្នកកាសែត ដែលបានប្រមូលផ្តុំគ្នានៅហាងកាហ្វេ ជាកន្លែងជ្រកកោនដ៏សំខាន់ដែលផ្តល់សេវាអ៊ីនធឺណិត និងការរត់គេចពីស្ថានភាពដ៏លំបាកនៃជំរំភៀសខ្លួននានាក្នុងតំបន់នេះ។
លោក Hani Mahmoud អ្នកសារព័ត៌មាន Al Jazeera ដែលបានរាយការណ៍ពីទីក្រុងហ្កាហ្សា បាននិយាយថា ការវាយប្រហារនេះគឺស្ថិតនៅចំកណ្តាលនៃមជ្ឈមណ្ឌលសម្រាប់អ្នកជម្លៀសខ្លួន។
លោកបានបន្តថា តំបន់នេះជាកន្លែងជ្រកកោនសម្រាប់មនុស្សដែលរងរបួស និងភៀសខ្លួនជាច្រើន។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះផងដែរ កងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីធ្លាមន្ទីរពេទ្យ Al-Aqsa នៅកណ្តាលក្រុង Deir el-Balah នៃតំបន់ហ្កាហ្សា ជាទីដែលក្រុមគ្រួសាររាប់ពាន់នាក់បានស្វែងរកទីជម្រក។
ជាមួយគ្នានោះមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក Osama Hamdan បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ពុំទាន់មានដំណឹងពីអ៊ីស្រាអែល ស្ដីពីសំណើបទឈប់បាញ់រយៈពេល៤សប្ដាហ៍នៅឡើយទេ៕

