ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន លោក Kevin Hassett បាននិយាយកាលពីថ្ងៃចន្ទ (៣០ មិថុនា) ថា សហរដ្ឋអាមេរិក នឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយកាណាដាភ្លាមៗ បន្ទាប់ពីទីក្រុងអូតាវ៉ា បានលុបចោលពន្ធលើសេវាកម្មឌីជីថលរបស់ខ្លួន ដែលផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

នៅពេលត្រូវសាកសួរអំពីការចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ លោក Hassett បាននិយាយលើប៉ុស្តិ៍ទូរទស្សន៍ Fox News ថា "ប្រាកដណាស់"។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍មុន ហើយប្រាប់ថា ពន្ធឌីជីថលកំពុងត្រូវទម្លាក់ចោល ដោយហៅជំហាននេះថាជាជ័យជម្នះដ៏ធំមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក។
លោក Hassett បាននិយាយថា លោក Trump បានស្នើឱ្យកាណាដា ទម្លាក់ពន្ធនោះចោលនៅឯកិច្ចប្រជុំ G7 ក្នុងប្រទេសកាណាដា កាលពីដើមខែមិថុនា។ ក្រសួងហិរញ្ញវត្ថុរបស់កាណាដា បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា លោក Carney និងលោក Trump នឹងបន្តការចរចាពាណិជ្ជកម្មឡើងវិញដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយនៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ។
កាណាដាបានបញ្ឈប់ផែនការរបស់ខ្លួនក្នុងការចាប់ផ្តើមប្រមូលពន្ធលើសេវាកម្មឌីជីថលថ្មីដែលផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលការប្រមូលនឹងត្រូវចាប់ផ្តើមនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញការចរចាពាណិជ្ជកម្មដែលជាប់គាំងជាមួយសហរដ្ឋអាមេរិក៕

