ឃីកប៊ុកស៊ីង៖ ឯកឧត្ដម ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នក្រុមជម្រើសជាតិរបស់ខ្លួនកំពុងពង្រឹងការហ្វឹកហាត់ខ្លាំងជាមួយគ្រូបង្វឹកកម្រិតខ្ពស់ជនជាតិចិន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមផង និងត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង។
ប្រមុខសហព័ន្ធដដែលបន្ដថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរកីឡាករក្នុងការអនុញ្ញាតឲ្យប្រមូលផ្ដុំបិទខ្ទប់ កីឡាករ-កីឡាការិនីជម្រើសជាតិឃីកបុកស៊ីងកំពុងអភិវឌ្ឍន៍សមត្ថភាព និងរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសតាមរយៈការហ្វឹកហាត់ជាមួយគ្រូបង្វឹកកម្រិតមេដាយមាសចិន លោកបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់កីឡាករ-កីឡាការិនីកម្ពុជា។ សូមបញ្ជាក់ថា សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាទើបបង្កើតនៅដើមឆ្នាំ២០២១ នេះប៉ុណ្ណោះហើយរយៈពេល ១ឆ្នាំមកនេះ ទោះបីមិនមានការប្រកួតលក្ខណៈអន្ដរជាតិដោយសារវិបត្តិកូវីដ-១៩ តែសហព័ន្ធបានខិតខំអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីល្អៗជាច្រើន ដើម្បីត្រៀមប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសស៊ីហ្គេម ២លើកចំពោះមុខតែម្ដង៕
អត្ថបទ៖ លី ឈុនឡា