កងកម្លាំងឆ្មាំល្បាតឆ្នេររបស់ចិនបានប្រកាសថា ខ្លួនបានធ្វើការល្បាតអនុវត្តច្បាប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅក្នុងដែនទឹក និងតំបន់ជុំវិញកោះ ហាងយ៉ាន (Huangyan) ដោយអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនភាគច្រើននៅសមុទ្រចិនខាងត្បូង។

ការល្បាតកាលពីថ្ងៃចន្ទគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពពេញមួយខែមិថុនា ក្នុងអំឡុងកងកម្លាំងឆ្មាំល្បាតឆ្នេរចិនបានបង្កើនវត្តមានរបស់ខ្លួននៅជុំវិញកោះនេះ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ប្រតិបត្តិការទាំងនេះរួមមាន ការតាមដាន និងការត្រួតពិនិត្យ ការព្រមានដោយពាក្យសម្ដី និងការស្ទាក់ចាប់ និងការបណ្តេញសត្រូវ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងលើដែនទឹកដែលពាក់ព័ន្ធ។
ឆ្មាំឆ្នេរសមុទ្របាននិយាយថា សកម្មភាពទាំងនេះគឺអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ហើយមានបំណងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរថា ក្រុមមេដឹកនាំយោធាកំពុងធ្វើការដើម្បីអនុវត្តន៍ទស្សនទានវិធីសាស្ត្រយុទ្ធសាស្ត្រប្រតិបត្តិការរួមតែមួយនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដោយបន្ថែមថាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នឹងប្រឈមការគំរាមកំហែងក្នុងដែនទឹកមានជម្លោះដែលស្រដៀងនឹងជម្លោះរបស់ប្រទេសជប៉ុនដែរ។
កាសែតជប៉ុន Asahi បានរាយការណ៍កាលពីខែមេសាថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nakatani បានធ្វើសំណើមួយទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth ដើម្បីពិចារណាសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ ជាទស្សនទានវិធីសាស្ត្រយុទ្ធសាស្ត្រប្រតិបត្តិការរួមតែមួយ សំដៅដល់តំបន់ប្រតិបត្តិការយោធា។
ជាមួយគ្នានេះដែរ ប្រទេសហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាជាញឹកញាប់នៅសមុទ្រចិនខាងត្បូង ជុំវិញតំបន់មានជម្លោះ និងតំបន់ថ្មប៉ប្រះទឹក ៕

