សេចក្តីថ្លែងការណ៍រួមមួយបាននិយាយថា បណ្ដារដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំងប្រាំពីរ ឬហៅថា G7 បាននិយាយកាលពីថ្ងៃចន្ទ (៣០ មិថុនា) ថា ពួកគេគាំទ្របទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយបានជំរុញឱ្យមានការចរចាឡើងវិញសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ចាប់តាំងពីខែមេសាមក អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ក្នុងគោលបំណងស្វែងរកដំណោះស្រាយការទូតថ្មីមួយទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់និយាយថា កម្មវិធីរបស់ខ្លួនមានសន្តិភាព ប៉ុន្តែអ៊ីស្រាអែល និងសម្ព័ន្ធមិត្តនិយាយថា ពួកគេចង់ធានាថា អ៊ីរ៉ង់មិនអាចបង្កើតអាវុធនុយក្លេអ៊ែរបានឡើយ។
បណ្ដារដ្ឋមន្ត្រីការបរទេស G7 បាននិយាយថា "ក្រុមប្រទេសទាំង៧ សូមអំពាវនាវឱ្យមានការចរចាឡើងវិញ ដែលអាចនាំទៅដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយ អាចផ្ទៀងផ្ទាត់បាន និងយូរអង្វែងមួយ ដែលដោះស្រាយវិបត្តិកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់" ដោយបន្ថែមថា G7 ជំរុញឱ្យ "គ្រប់ភាគីទាំងអស់ ជៀសវាងសកម្មភាពដែលអាចធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់បន្ថែមទៀត"។
ប្រេសិតមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា កិច្ចពិភាក្សារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ គឺ "មានភាពល្អប្រសើរ" ហើយថាទីក្រុងវ៉ាស៊ីនតោន មានក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង៕

