ទីភ្នាក់ងារគ្រោះមហន្តរាយ AFAD បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសទួរគី បានជម្លៀសមនុស្សជាង ៥០.០០០នាក់ ដែលភាគច្រើនពីខេត្ត Izmir ភាគខាងលិច ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានប្រយុទ្ធទប់ស្កាត់ចំហេះព្រៃ។

ក្រុមមន្ត្រីបាននិយាយថា អណ្តាតរភ្លើងដ៏អាក្រក់បំផុតបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ Seferihisar ជាតំបន់ព្រៃឈើមានចម្ងាយ៥០គីឡូម៉ែត្រភាគនិរតីទីក្រុងរមណីយដ្ឋាន Izmir ដោយបាន រាលដាលយ៉ាងឆាប់រហ័សជាមួយនឹងខ្យល់បក់ខ្លាំងរហូតដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទីភ្នាក់ងារគ្រោះមហន្តរាយAFAD បានសរសេរនៅលើបណ្តាញ X ថា «ប្រជាជនសរុបជាង៥០.០០០នាក់នៅទីតាំងលំនៅចំនួន៤១កន្លែងត្រូវបានជម្លៀសចេញជាបណ្តោះអាសន្នទៅកាន់តំបន់សុវត្ថិភាព» និងបាននិយាយថាមនុស្ស៧៩នាក់ បានរងផលប៉ះពាល់ដោយសារផ្សែងហុយ និងបញ្ហាទាក់ទងនឹងអគ្គិភ័យផ្សេងទៀត ប៉ុន្តែពុំមាននរណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។
អាជ្ញាធរនិយាយថា កងកម្លាំងជាង១.០០០នាក់ ត្រូវបានបញ្ជូនទៅដើម្បីទប់ស្កាត់អណ្តាតភ្លើងចំហេះព្រៃដោយមានយន្តហោះចំនួន៤គ្រឿង ឧទ្ធម្ភាគចក្រ១៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន១០៦គ្រឿង។
អភិបាលក្រុងបាននិយាយថា មនុស្ស ១.៥០០ នាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងតំបន់ Hatay ភាគខាងត្បូង ជាកន្លែងដែលឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង រថយន្តពន្លត់អគ្គិភ័យ២១១គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យ ៥៤០នាក់កំពុងប្រយុទ្ធទប់ស្កាត់អណ្តាតភ្លើង។