អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Majid Takht-Ravanchi បានប្រាប់សារព័ត៌មាន BBC នៅថ្ងៃចន្ទ (៣០ មិថុនា) ថា បណ្ដាថ្នាក់ដឹកនាំរបស់ទីក្រុងតេអេរ៉ង់ នឹងសុខចិត្តបន្តកិច្ចចរចាការទូតជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ប្រសិនបើសហរដ្ឋអាមេរិក យល់ព្រមថា ខ្លួននឹងមិនបើកការវាយប្រហារយោធាបន្ថែមណាមួយឡើយ។

លោក Ravanchi បានប្រាប់ BBC ថា "ទីក្រុងតេអេរ៉ង់បានឮពីក្រុងវ៉ាស៊ីនតោនថាពួកគេចង់ចរចា ហើយឥឡូវនេះ អ៊ីរ៉ង់ចង់បានចម្លើយចំពោះសំណួរថា តើអ៊ីរ៉ង់នឹងមើលឃើញការប្រព្រឹត្តដដែលៗនៃអំពើឈ្លានពានណាមួយពេលកំពុងចូលរួមក្នុងការសន្ទនាដែរឬយ៉ាងណា? ពីព្រោះអាមេរិក មិនទាន់បានបញ្ជាក់ពីជំហររបស់ពួកគេច្បាស់លាស់នៅឡើយទេ"។
គួរឱ្យដឹងថា សហរដ្ឋអាមេរិកបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួន៣ របស់អ៊ីរ៉ង់ កាលពីថ្ងៃទី២១ ខែមិថុនា ខណៈដែលក្រុងតេអេរ៉ង់ និងអ៊ីស្រាអែល វាយប្រហារតបតគ្នាតាមច្រកអាកាស ដែលបានផ្អាកការចរចារជុំថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ក្នុងបំណងហាមឃាត់ទីក្រុងតេអេរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។
លោកប្រធានាធិបតីអាមេរិក Donald Trump និងសម្ព័ន្ធមិត្តរបស់លោក បានលើកសរសើរប្រតិបត្តិការយោធារបស់អាមេរិកថាជាជោគជ័យដ៏ធំ ដែលរុញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឱ្យដើរថយក្រោយជាច្រើនឆ្នាំ ហើយក៏បានច្រានចោលម្ដងហើយម្តងទៀតលើការលេចធ្លាយនៃចារកម្មបឋម ដែលចោទសួរពីវិសាលភាពនៃការខូចខាតលើទីតាំងនុយក្លេអ៊ែរទាំងនោះ៕


