អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបញ្ចប់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសស៊ីរី។ ចំណាត់ការនេះ ធ្វើឡើងតាមរយៈការសម្រេចចិត្តរបស់លោក Trump ក្នុងខែឧសភា ដើម្បីបន្ធូរបន្ថយវិធានការជួយស្តារប្រទេសស៊ីរីឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏មហន្តរាយ។

លោក ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ ដោយបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចភាគច្រើនរបស់សហរដ្ឋអាមេរិកលើប្រទេសស៊ីរី ដោយធ្វើតាមការសន្យាដែលលោកបានធ្វើចំពោះមេដឹកនាំបណ្តោះអាសន្នថ្មីរបស់ប្រទេសនេះ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ចំណាត់ការនេះត្រូវបានរៀបចំឡើងដើម្បី «ជំរុញ និងគាំទ្រ ផ្លូវទៅកាន់ស្ថិរភាព និងសន្តិភាពរបស់ប្រទេសនេះ»។
ក្រឹត្យនេះ សំដៅថា ត្រូវ «បញ្ចប់ភាពឯកោរបស់ប្រទេសពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ កំណត់ដំណាក់កាលសម្រាប់ពាណិជ្ជកម្មសកល និងជំរុញការវិនិយោគពីប្រទេសជិតខាងនៅក្នុងតំបន់របស់ខ្លួន ព្រមទាំងមកពីសហរដ្ឋអាមេរិកផងដែរ» ។
ចំណាត់ការកាលពីថ្ងៃច័ន្ទ ពុំបានលុបចោលទណ្ឌកម្មដែលបានដាក់ទៅលើអតីតប្រធានាធិបតី លោក Bashar Assad ជំនួយការជាន់ខ្ពស់របស់លោក សមាជិកគ្រួសារ និងមន្ត្រី ដែលត្រូវបានកំណត់ថាបានប្រព្រឹត្តការរំលោភបំពានសិទ្ធិមនុស្ស ឬជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន ឬជាផ្នែកមួយនៃកម្មវិធីអាវុធគីមីរបស់ប្រទេសស៊ីរី។