រុស្ស៊ី៖ ទិន្នន័យពីសេវាស្ថិតិរដ្ឋរបស់រុស្ស៊ី និងការគណនារបស់សារព័ត៌មាន Reuters បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានវ៉ាដាច់ប្រេស៊ីលដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី២ របស់ពិភពលោកដោយសារជំងឺរាតត្បាតសកល COVID-19 បន្ទាប់ពីក្រោយសហរដ្ឋអាមេរិក។

សេវាស្ថិតិ Rosstat បាននិយាយថា មនុស្ស ៨៧,៥២៧នាក់បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងវីរុសកូរ៉ូណានៅក្នុងខែវិច្ឆិកា ដែលបានក្លាយជាខែដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតសកលនេះ។ ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតសកលសរុបរបស់ប្រទេសរុស្ស៊ីបានឈានដល់ ៦៥៨,៦៣៤នាក់ នេះបើយោងតាមការគណនារបស់សារព័ត៌មាន Reuters ដោយផ្អែកលើតួលេខពីសេវាស្ថិតិ Rosstat រហូតដល់ចុងខែវិច្ឆិកា និងទិន្នន័យពីក្រុមការងារនៃគ្រប់គ្រងជំងឺឆ្លងសម្រាប់ខែធ្នូ ដោយវ៉ាដាច់ប្រទេសប្រេស៊ីលដែលបានកត់ត្រាការស្លាប់ចំនួន ៦១៨,៨០០នាក់។
ចំនួនអ្នកស្លាប់នៅក្នុងសហរដ្ឋអាមេរិកមានខ្ពស់ជាងនេះគឺនៅ ៨២៥,៦៦៣នាក់ នេះបើយោងតាមតួលេខរបស់សារព័ត៌មាន Reuters ដដែល ប៉ុន្តែចំនួនប្រជាជនរបស់សហរដ្ឋអាមេរិកមានច្រើនជាង ២ដងនៃចំនួនប្រជាជនរុស្ស៊ី។ ការគណនារបស់សារព័ត៌មាន Reuters ក៏បានបង្ហាញផងដែរថា ប្រទេសរុស្ស៊ីបានកត់ត្រាចំនួនមនុស្សស្លាប់លើស ៨៣៥,០០០នាក់ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនៅក្នុងខែមេសាឆ្នាំ២០២០ ដល់ដំណាច់ខែវិច្ឆិកា បើប្រៀបធៀបទៅនឹងអត្រាមរណៈជាមធ្យមនៅក្នុងឆ្នាំ២០១៥-២០១៩៕
អត្ថបទ៖ សុខមាន