សេចក្តីថ្លែងការណ៍ថ្មីៗរបស់មេដឹកនាំតំបន់តៃវ៉ាន់ លោក Lai Ching-te បានទាក់ទាញការថ្កោលទោស និងរិះគន់យ៉ាងខ្លាំងពីអ្នកនាំពាក្យប្រទេសចិន ដោយហៅវោហាសាស្រ្តទាំងនោះថាជាការបង្កើនការញុះញង់យ៉ាងអាក្រក់ក្នុងគោលបំណងលើកកម្ពស់ "ឯករាជ្យភាពតៃវ៉ាន់" និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើទំនាក់ទំនងឆ្លងច្រកសមុទ្រ។

ក្នុងការឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានហៅសុន្ទរកថារបស់លោក Lai ថាជាការជំរុញឱ្យមានការភ័យខ្លាច និងបន្តឱ្យមានការបែកបាក់គ្នាដោយសារតែវោហាសាស្ត្រ "ឯករាជ្យភាពតៃវ៉ាន់" ហើយបំភ្លៃមូលដ្ឋានច្បាប់ និងសច្ចភាពប្រវត្តិសាស្ត្រ និងការមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍សាធារណៈជននៅតំបន់តៃវ៉ាន់។
លោកស្រី Zhu បានគូសបញ្ជាក់ពីការលើកឡើងមិនពិតរបស់លោក Lai នៃសេចក្តីសម្រេចលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាឯកសារដ៏សំខាន់បង្កប់នូវគោលការណ៍ចិនតែមួយ និងកិច្ចខិតខំប្រឹងប្រែងដោយចេតនារបស់មេដឹកនាំតំបន់តៃវ៉ាន់រូបនេះក្នុងការបំបែកទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់រវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យរូបនេះបានព្រមានថា ការប៉ុនប៉ងណាមួយដើម្បីប្រជែងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន តាមរយៈការស្វះស្វែងរកឯករាជ្យភាពតៃវ៉ាន់ គឺនឹងត្រូវបរាជ័យ និងឈានទៅដល់ទីបញ្ចប់ដ៏មហន្តរាយ៕

