មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបាននិយាយថា ប្រទេសកូឡុំប៊ី កំពុងបង្កើនចំនួនកងទ័ពរបស់ខ្លួន ជាផ្នែកមួយនៃការវាយលុកថ្មីប្រឆាំងក្រុមប្រដាប់អាវុធខុសច្បាប់ បន្ទាប់ពីបញ្ចប់បទឈប់បាញ់ជាបន្តបន្ទាប់។

ប្រធានាធិបតីឆ្វេងនិយម លោក Gustavo Petro បានចូលកាន់តំណែងនៅឆ្នាំ២០២២ ដោយសន្យាថានឹងបន្តស្វែងរកការបញ្ចប់ជម្លោះរយៈពេល៦ទសវត្សរ៍ តាមរយៈកិច្ចព្រមព្រៀងសន្តិភាព ជាមួយកងទ័ពព្រៃ និងក្រុមជនអន្ធពាលឧក្រិដ្ឋកម្មប្រដាប់អាវុធ ប៉ុន្តែការពិភាក្សា មានការរំខាន ទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្នដដែលៗក៏ដោយ។

បច្ចុប្បន្ននេះ លោក Petro បានបញ្ជាឱ្យបង្កើនការវាយលុកប្រឆាំងកងទ័ពរំដោះជាតិម៉ាក្សនិយម (ELN) និងក្រុមចំនួនប្រាំទៀតរបស់អតីតកងកម្លាំងប្រដាប់អាវុធបដិវត្តន៍នៃក្រុមឧទ្ទាមកូឡុំប៊ី (FARC) ដែលបានបដិសេធកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦។
ការវាយលុកថ្មីគឺផ្តោតលើតំបន់ចំនួន៦ រួមទាំងតំបន់ព្រៃCatatumbo នៅតាមបណ្តោយព្រំដែនភាគឦសានជាមួយប្រទេសវ៉េណេស៊ុយអេឡា ព្រមទាំងតំបន់ភ្នំនិងព្រៃនៅភាគនិរតីរបស់ប្រទេស ជាតំបន់យុទ្ធសាស្ត្រសម្រាប់ការជួញដូរគ្រឿងញៀននិងមាសខុសច្បាប់ ជាប្រភពហិរញ្ញវត្ថុខ្លាំងបំផុតរបស់ក្រុមប្រដាប់អាវុធ។