ទូរទស្សន៍រដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានចាក់ផ្សាយវីដេអូនៃការទស្សនារបស់មេដឹកនាំ លោក គីម ជុងអ៊ុន រួមជាមួយគណៈប្រតិភូមកពីប្រទេសរុស្ស៊ី នូវការសម្តែងសិល្បៈដើម្បីគោរពដល់ទាហាន។

កម្មវិធីមួយ ត្រូវបានចាក់ផ្សាយកាលពីថ្ងៃចន្ទដោយទូរទស្សន៍កូរ៉េកណ្តាល ដែលបានបង្ហាញលោក Kim ទស្សនាការសម្តែងរួមគ្នាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ី លោកស្រី Olga Lyubimova ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។

នៅពីក្រោយអ្នកចម្រៀងនៅលើឆាកដែលច្រៀងបទចម្រៀងគោរពដល់ទាហាន គឺជាផ្ទាំងអេក្រង់ធំមួយដែលបង្ហាញរូបភាពផ្សេងៗ។ វារួមបញ្ចូលទាំងរូបភាពទាហានលើកទង់ជាតិរបស់ប្រទេសទាំងពីរ ព្រមទាំងលោក Kim ស្វាគមន៍នូវអ្វីមើលទៅដូចជាមឈូសមានគ្របទង់ជាតិ និងបានគោរពវិញ្ញាណក្ខន្ធ។
រូបភាពមួយនៅលើអេក្រង់ធំ បង្ហាញពីអ្វីត្រូវបានគេជឿថាជាក្រឹត្យចុះហត្ថលេខាដោយលោក Kim កាលពីឆ្នាំមុន ដែលបញ្ជាឱ្យបញ្ជូនកងទ័ពទៅកាន់តំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានដកស្រង់សម្តីអ្នកជំនាញម្នាក់ដោយនិយាយថា កម្មវិធីតាមទូរទស្សន៍គឺជាបំណងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបញ្ចុះបញ្ចូលសាធារណជនអំពីភាពស្របច្បាប់នៃការបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី។