រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយថា ការស៊ើបអង្កេតលើសកលវិទ្យាល័យ Harvard បានរកឃើញថា សាកលវិទ្យាល័យនេះពុំបានឆ្លើយតបទៅនឹងការរើសអើងប្រឆាំងនិស្សិតជនជាតិជ្វីហ្វទេ។ រដ្ឋបាលបាននិយាយថា ការប្រឆាំងជ្វីហ្វនិយមគឺមិនអាចទទួលយកបានឡើយ ហើយបានគំរាមថានឹងកាត់មូលនិធិរបស់សហព័ន្ធទាំងអស់ពីសាកលវិទ្យាល័យនេះ ប្រសិនបើគ្មានចំណាត់ការ។

សាកលវិទ្យាល័យHarvard គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យជាច្រើន ដែលនិស្សិតបានមកប្រមូលផ្តុំគ្នាតវ៉ាការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ក្រុមការងារចម្រុះប្រយុទ្ធប្រឆាំងការប្រឆាំងជ្វីហ្វនិយមរបស់រដ្ឋបាល បានផ្ញើលិខិតមួយច្បាប់ទៅកាន់សាកលវិទ្យាល័យ Harvard កាលពីថ្ងៃចន្ទ ដោយបាននិយាយថា រដ្ឋបាលបានសន្និដ្ឋានថា សាកលវិទ្យាល័យនេះ «បានបំពានលើច្បាប់ស្តីពីសិទ្ធិស៊ីវិល ដែលហាមឃាត់ការរើសអើងលើមូលដ្ឋាននៃជាតិសាសន៍ ពណ៌សម្បុរ និងប្រភពដើមជនជាតិ»។

ក្រុមការងារបានលើកឡើងពី «ការយាយីប្រឆាំងជ្វីហ្វនិយមរបស់និស្សិត មហាវិទ្យាល័យ និងបុគ្គលិក»។ និស្សិតជនជាតិជ្វីហ្វនិងជនជាតិអ៊ីស្រាអែល ត្រូវបានបដិសេធមិនអោយចូលទៅកាន់បរិវេណសាកលវិទ្យាល័យ។ លិខិតនោះ បានព្រមានថា ការបរាជ័យក្នុង «ការកែប្រែស្ថាប័នឱ្យបានគ្រប់គ្រាន់ភ្លាមៗ នឹងបណ្តាលឱ្យបាត់បង់ធនធានហិរញ្ញវត្ថុរបស់សហព័ន្ធទាំងអស់» សម្រាប់សាកលវិទ្យាល័យ Harvard ។
រដ្ឋបាលបានរក្សាសម្ពាធលើសាកលវិទ្យាល័យ Harvard ដោយបានបង្កកប្រាក់ជំនួយរាប់ពាន់លានដុល្លារ និងកិច្ចសន្យានានាដល់សាកលវិទ្យាល័យ និងបានលុបចោលលទ្ធភាពរបស់សាកលវិទ្យាក្នុងការចុះឈ្មោះនិស្សិតបរទេស។