កោះតៃវ៉ាន់ នឹងធ្វើការហ្វឹកហ្វឺនត្រាប់សកម្មភាពបិទខ្ទប់របស់ប្រទេសចិន និងប្រតិបត្តិការយោធាលើកោះស្វ័យគ្រប់គ្រងមួយនេះនៅក្នុងសមយុទ្ធយោធា និងការពារស៊ីវិលប្រចាំឆ្នាំដ៏ធំរបស់ខ្លួននៅសប្តាហ៍ក្រោយ ខណៈមេដឹកនាំកោះ លោក Lai Ching-te បាននិយាយនៅថ្ងៃអង្គារ (០១ កក្កដា) នេះថា តំបន់មួយនេះកំពុងប្រឈមមុខនឹង "សង្រ្គាមដោយគ្មានផ្សែងកាំភ្លើង" របស់ប្រទេសចិន រួចទៅហើយ។

សមយុទ្ធ Han Kuang ប្រចាំឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី០៩ ខែកក្កដា នឹងដំណើរការក្នុងរយៈពេល ១០ថ្ងៃ ហើយប្រមូលផ្តុំទាហានបម្រុងច្រើនជាង ២២.០០០នាក់ ក្នុងទ្រង់ទ្រាយដ៏ធំដែលមិនធ្លាប់មានពីមុនមក។ កោះតៃវ៉ាន់ កំពុងប្រឈមនឹងសម្ពាធផ្នែកយោធាដោយប្រទេសចិន ដែលចាត់ទុកតំបន់ស្វ័យគ្រប់គ្រងមួយនេះថាជាកម្មសិទ្ធិរបស់ខ្លួន។
សមយុទ្ធការពារជនស៊ីវិលក៏នឹងត្រូវធ្វើឡើងរួមជាមួយលំហាត់សមយោធា Han Kuang នេះដែរ ដោយរួមមានការចេញសេចក្ដីជូនដំណឹងប្រកាសអាសន្នអំពីមីស៊ីល និងសមយុទ្ធជម្លៀសខ្លួន ដែលនឹងបិទអាជីវកម្មនានាជាបណ្តោះអាសន្ន និងផ្អាកចរាចរណ៍នៅក្នុងទីក្រុងធំៗ រួមទាំងទីក្រុងតៃប៉ិ។
ទីក្រុងប៉េកាំង បានស្តីបន្ទោសយ៉ាងខឹងសម្បារចំពោះការលើកឡើងនាពេលថ្មីៗនេះរបស់លោក Lai ខណៈភាគីទាំងពីរបានប៉ះទង្គិចគ្នាជុំវិញការបកស្រាយប្រវត្តិសាស្រ្តដ៏ប្រកួតប្រជែងរបស់ពួកគេ នៅក្នុងសង្គ្រាមពាក្យសម្តីដែលកាន់តែខ្លាំងក្លាឡើងលើអ្វីដែលទីក្រុងប៉េកាំង ចាត់ទុកថាជាការបង្កហេតុពីរដ្ឋាភិបាលរបស់កោះតៃវ៉ាន់៕

