ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃចន្ទ (៣០ មិថុនា) ថា ខ្លួននឹងបន្តការយកពន្ធប្រឆាំងការលក់បង្ខូចថ្លៃ ឬលក់ក្រោមតម្លៃទីផ្សារ សំដៅលើផលិតផលដែកអ៊ីណុក ដូចជាប្រភេទផលិតផលដែកថែបពាក់កណ្ដាលសម្រេចប៊ីឡេ បន្ទះដែកថែប និងរមូលដែកថែបជាដើម ដែលនាំចូលពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីសម្រាប់រយៈពេល ៥ឆ្នាំទៅមុខ ដែលចាប់ផ្ដើមពីថ្ងៃអង្គារ ០១ កក្កដា នេះតទៅ។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យផុតកំណត់នៃវិធានការប្រឆាំងការលក់បង្ខូចថ្លៃ សំដៅលើផលិតផលទាំងនោះ ដែលបានផ្តួចផ្តើមក្នុងខែកក្កដា ឆ្នាំ២០២៤ តាមសំណើរបស់ឧស្សាហកម្មក្នុងស្រុករបស់ប្រទេសចិន។

ក្រសួងនិយាយថា ប្រសិនបើវិធានការប្រឆាំងការលក់បង្ខូចថ្លៃទាំងនេះត្រូវបានបញ្ចប់ នោះការហូរចូលនៃផលិតផលដែកអ៊ីណុកដូចលើកឡើងខាងលើ ដែលនាំចូលពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេស កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី អាចនឹងបន្តជាថ្មី ឬកើតឡើងវិញ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុករបស់ចិន។

ក្រោមវិធានការបន្ថែមពេលថ្មីនេះ ពន្ធប្រឆាំងការលក់ក្រោមតម្លៃទីផ្សារលើផលិតផលនាំចូលទាំងនោះ ត្រូវបានកំណត់ក្នុងចន្លោះពី ២៣,១% ដល់ ១០៣,១% សម្រាប់កូរ៉េខាងត្បូង និងអត្រា ៤៣% សម្រាប់សហភាពអឺរ៉ុប និងអង់គ្លេស ខណៈតួលេខ ២០,២% ត្រូវបានដាក់លើការនាំចូលពីឥណ្ឌូនេស៊ី៕