រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) លោក Rafael Grossi ស្តីពីដំណោះស្រាយនៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយលោក Araghchi រដ្ឋមន្ត្រីអេហ្ស៊ីបបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការចរចាឡើងវិញឲ្យបានឆាប់រហ័សលើឯកសារនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយចាត់ទុកបញ្ហានេះថាជាច្រកដ៏ប្រសើរក្នុងការកសាងទំនុកចិត្ត និងកាត់បន្ថយភាពតានតឹង។
ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Abdelatty បានសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ តាមរយៈដំណោះស្រាយផ្នែកការទូត និងការចរចា។
ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយ លោក Grossi ប្រធានទីភ្នាក់ងារIAEA លោកAbdelatty បានសម្តែងការគាំទ្រពេញទំហឹងរបស់អេហ្ស៊ីបចំពោះតួនាទីដ៏សំខាន់របស់ទីភ្នាក់ងារ IAEA ក្នុងក្របខ័ណ្ឌត្រួតពិនិត្យក្រោមសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ។
អ្នកការទូតជាន់ខ្ពស់របស់អេហ្ស៊ីប បាននិយាយថា អេហ្ស៊ីបយកចិត្តទុកដាក់ខ្លាំងចំពោះការរក្សាភាពជឿជាក់លើសន្ធិសញ្ញា ដែលជាមូលដ្ឋាននៃក្របខ័ណ្ឌមិនរីកសាយជាសកល ហើយទន្ទឹងរង់ចាំការបន្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ IAEA ។
លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រួបបង្រួមបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល និងផ្តល់អាទិភាពដល់ដំណោះស្រាយផ្នែកការទូតក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។