នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ដែលទើបត្រូវផ្អាកពីតំណែង បាននិយាយនៅថ្ងៃអង្គារ (០១ កក្កដា) នេះថា លោកស្រីយល់ព្រមទទួលយកសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញ ក្នុងការផ្អាកលោកស្រីពីតំណែងជានាយករដ្ឋមន្ត្រី ក្នុងពេលបន្តរឿងក្ដីដែលស្វះស្វែងរកការដកតំណែងជាផ្លូវការ។

លោកស្រី Paetongtarn បានប្រាប់អ្នកសារព័ត៌មានថា៖ "លោកស្រីចង់សូមអភ័យទោសដល់អ្នកដែលតូចចិត្តនឹងរឿងទាំងអស់នេះ ហើយលោកស្រីនឹងបន្តធ្វើការឱ្យប្រទេសក្នុងនាមជាពលរដ្ឋថៃមួយរូប"។
គួរឱ្យដឹងថា តុលាការធម្មនុញ្ញថៃ បានកាត់សេចក្ដីក្នុងសំឡេងគាំទ្រ ៧ទល់នឹង២ ក្នុងការផ្អាកតំណែងលោកស្រី Paetongtarn ហើយក៏បានឯកភាពគ្នាជាឯកច្ឆ័ន្ទក្នុងការពិចារណាចោទប្រកាន់ទម្លាក់តំណែងផ្លូវការរបស់លោកស្រីផងដែរ។

សមរភូមិតុលាការ និងឧបសគ្គនយោបាយរបស់លោកស្រី Paetongtarn បន្ទាប់ពីកាន់អំណាចបានត្រឹមតែ ១០ខែនេះ បានគូសបញ្ជាក់អំពីការធ្លាក់ចុះនៃកម្លាំងរបស់គណបក្សភឿថៃ ដែលគ្របដណ្ដប់ការបោះឆ្នោតថៃ ចាប់តាំងពីឆ្នាំ២០០១មក ការស៊ូទ្រាំនឹងរដ្ឋប្រហារយោធា និងសេចក្តីសម្រេចរបស់តុលាការ ដែលបានផ្តួលរំលំរដ្ឋាភិបាល និងមើលឃើញនាយករដ្ឋមន្ត្រីជាច្រើនរូបត្រូវធ្លាក់ពីតំណែង៕