អ្នកជំនាញអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃចន្ទថា ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចបើកលទ្ធភាពនៃកិច្ចប្រជុំមួយផ្សេងទៀតរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un)ដូចការជួបគ្នាពីមុនរបស់ពួកគេនៅឯព្រំដែនអន្តរកូរ៉េ ក្នុងឆ្នាំ ២០១៩។
លោក Victor Cha ប្រធាននាយកដ្ឋានភូមិសាស្ត្រនយោបាយ និងគោលនយោបាយបរទេស នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានលើកឡើងពីទស្សនៈនេះ ប៉ុន្តែបាននិយាយថា វានឹងស្ថិតនៅក្រោម «បរិបទផ្សេង» ខណៈដែលលោក គីម ជុងអ៊ុន ចង់ចរចាលើការធានាសន្តិសុខជាជាងការរំសាយអាវុធនុយក្លេអ៊ែរ។

លោក Cha បាននិយាយក្នុងអំឡុងពេលពិភាក្សាជាក្រុមដែលរៀបចំដោយ CSIS ថា៖«លោកប្រធានាធិបតី ត្រាំ ចូលចិត្តមិត្តរបស់លោក នៅកូរ៉េខាងជើង ហើយលោកគ្រោងនឹងទៅចូលរួមជំនួបកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង នៅចុងខែតុលា។ តើអ្នកណាដឹងថាមានអ្វីកើតឡើងនៅទីនោះ? លោកអាចធ្វើដំណើរទៅកាន់ភូមិ Panmunjomនៃព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដើម្បីជួបមេដឹកនាំកូរ៉េខាងជើងម្តងទៀត»។
Panmunjom គឺជាភូមិបទឈប់បាញ់នៅក្នុងតំបន់គ្មានយោធា ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ លោក ត្រាំ និង លោក គីម បានជួបគ្នា នៅទីនោះ ក្នុងខែមិថុនា ឆ្នាំ ២០២៩។
លោក Cha បាននិយាយថា៖«ប៉ុន្តែនៅក្នុងបរិបទផ្សេងគ្នា ដោយសារតែការបង្ហាញកម្លាំងយោធាដោយសហរដ្ឋអាមេរិក អាចបណ្តាលឲ្យលោក គីម ជុងអ៊ុន និយាយថា៖«ខ្ញុំត្រូវការការធានារ៉ាប់រងមួយចំនួនដែល (ការទម្លាក់គ្រាប់បែក) មិនកើតឡើងចំពោះប្រទេសរបស់ខ្ញុំ»ទេ។
