គេហទំព័រសារព័ត៌មានការពារជាតិឥណ្ឌា បានរាយការណ៍ថា ប្រទេសនេះ បានទទួល ជោគជ័យដោយប្រើប្រព័ន្ធការពារដែនអាកាស S-400 Triumph របស់រុស្ស៊ី ក្នុងប្រតិបត្តិការប្រឆាំងនឹងគោលដៅភេរវករ នៅក្នុងប្រទេសប៉ាគីស្ថាន ហើយឥឡូវនេះកំពុងសម្លឹងមើលប្រព័ន្ធ S-500 Prometei ចុងក្រោយបង្អស់។
គេហទំព័រនេះ បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាស S-400 មានប្រសិទ្ធភាព ក្នុងលក្ខខណ្ឌប្រយុទ្ធ និងស្ទាក់ចាប់គោលដៅនៅចម្ងាយកំណត់។ បទពិសោធនៃការចូលរួមប្រតិបត្តិការនោះ បានធ្វើឲ្យអ្នកជំនាញឥណ្ឌាពិភាក្សាអំពីការទិញប្រព័ន្ធការពារដែនអាកាស S-500។ ឥណ្ឌាក៏ចាប់អារម្មណ៍លើប្រព័ន្ធការពារដែនអាកាសនេះដែរ ដោយសារតែស្ថានការណ៍ផ្លាស់ប្តូរ នៅក្នុងតំបន់ បន្ទាប់មានរបាយការណ៍អំពីការបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ J-35A ទៅប្រទេសប៉ាគីស្ថាន។
គេហទំព័រ បានបន្តទៀតថា ប្រព័ន្ធការពារដែនអាកាស S-500 គឺជាគ្រឿងយុទ្ធោបករណ៍ការពារជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ហើយការនាំចេញប្រព័ន្ធនេះទាមទារការអនុញ្ញាតពីថ្នាក់ដឹកនាំជាតិកំពូល»។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងមួយ មិនត្រូវបានច្រានចោលទេ ដោយសារតែកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងគួរឲ្យទុកចិត្តរវាងរុស្ស៊ី និងឥណ្ឌា ក្នុងវិស័យការពារជាតិ។
ប្រព័ន្ធការពារដែនអាកាស S-500 របស់ក្រុមហ៊ុន Almaz-Antey បំផ្លាញគោលដៅអវកាសដែលមានស្រាប់ និងអនាគតទាំងអស់ នៅក្នុងរយៈកម្ពស់ និងល្បឿនផ្សេងៗគ្នា។
ប្រទេសឥណ្ឌា បានទិញប្រព័ន្ធការពារដែនអាកាស S-400ចំនួន ៥គ្រឿង ដែលមានតម្លៃ៥,៤៣ ពាន់លានដុល្លារ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសរសើរប្រព័ន្ធនេះ ហើយបាននិយាយថា ការការពារដែនអាកាស គឺជាកត្តាចម្បងក្នុងប្រតិបត្តិការប្រឆាំងនឹងប៉ាគីស្ថាន។ កាលពី សប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិឥណ្ឌា និងរុស្ស៊ី បានពិភាក្សាគ្នាអំពីការទិញ S-400ថ្មី ក៏ដូចជាការធ្វើទំនើបកម្មនៃយន្តហោះចម្បាំង Su-30MKI និងការទិញគ្រឿងយុទ្ធោបករណ៍សំខាន់ៗ ក្នុងពេលវេលាដ៏ចាំបាច់ នេះ។
