រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃចន្ទ (ទី៣០ ខែមិថុនា) បានច្រានចោលការបន្តកិច្ចចរចារឡើងវិញភ្លាមៗជាមួយសហរដ្ឋអាមេរិក ហើយបាននិយាយថា ទីក្រុងតេអេរ៉ង់នឹងត្រូវការការធានាជាដំបូងថាវានឹងមិនត្រូវបានវាយប្រហារម្តងទៀតឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ CBS Evening News លោក Araghchi ត្រូវបានសួរ អំពីការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា ការចរចានុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ អាចចាប់ផ្ដើមឡើងវិញយ៉ាងឆាប់ នៅសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឆ្លើយតបថា៖ «ខ្ញុំមិនគិតថា ការចរចានឹងចាប់ផ្តើមឡើងវិញយ៉ាងឆាប់រហ័សដូចការលើកឡើងនោះទេ។ ដើម្បីឲ្យពួកយើងសម្រេចចូលរួមឡើងវិញ យើងនឹងត្រូវតែបានធានាជាដំបូងថា សហរដ្ឋអាមេរិកនឹងមិនត្រលប់មកដាក់គោលដៅលើយើងវិញ ដើម្បីវាយប្រហារដោយយោធា ក្នុងអំឡុងពេលចរចាគ្នានោះឡើយ»។
លោក Araghchi បានសង្កត់ធ្ងន់ថា៖ «ខ្ញុំគិតថា ដោយមានការពិចារណាទាំងអស់នេះ យើងនៅតែត្រូវការពេលវេលាបន្ថែមទៀត ទោះបីជាទ្វារនៃការទូត នឹងមិនបិទក៏ដោយ»៕
