ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ បានថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ក៏ដូចជាការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលអាចនាំឲ្យមាន «ផលវិបាកដែលមិនអាចនឹកស្មានដល់» សម្រាប់តំបន់ទាំងមូល។
លោកបានថ្លែងដូច្នេះក្នុងពិធីមួយក្នុងឱកាសខួបលើកទី៥២នៃការបង្កើតវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ នៅទីក្រុងអ៊ីស្លាម៉ាបាដ។

លោក Dar បាននិយាយថា «ប៉ាគីស្ថាននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍថ្មីៗនៅមជ្ឈិមបូព៌ា។ យើងបានថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែលដោយអយុត្តិធម៌ទាំងស្រុងប្រឆាំងនឹងអ៊ីរ៉ង់ ក៏ដូចជាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ សកម្មភាពទាំងនេះដែលជាការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់បំផុត គឺជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ «សកម្មភាពរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បទដ្ឋាននៃឥរិយាបទអន្តររដ្ឋ ដែលបានបង្កើតឡើង និងបានធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងហានិភ័យនៃផលវិបាកដែលមិនអាចនឹកស្មានដល់»។
យោងតាមរដ្ឋមន្ត្រីរូបនេះ ទីក្រុងតេអេរ៉ង់ បានបង្ហាញពី «វិធីសាស្រ្តស្ថាបនា និងជាក់ស្តែង» ដែលជួយទប់ស្កាត់ការកើនឡើងភាពតានតឹងនៃជម្លោះបន្ថែមទៀត។
