វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១ ខែកក្កដា) នេះ បានបដិសេធការអះអាងដោយបេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ប្រចាំនៅអ៊ុយក្រែន ដែលថា រុស្ស៊ីកំពុងធ្វើឲ្យយឺតដល់កិច្ចចរចាសន្តិភាព ដោយបន្ថែមថា ទីក្រុងមូស្គូបានបំពេញតាមកិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបាន នៅក្នុងការចរចា។
គួរបញ្ជាក់ថា បេសកជនជាន់ខ្ពស់របស់លោក Trump ប្រចាំនៅប្រទេសអ៊ុយក្រែន គឺលោក Keith Kellogg បាននិយាយកាលពីថ្ងៃចន្ទថា៖ «រុស្ស៊ីមិនអាចបន្តពន្យឺតពេលវេលាបានទៀតទេ ខណៈដែលប្រទេសនេះទម្លាក់គ្រាប់បែកលើគោលដៅជនស៊ីវិល នៅអ៊ុយក្រែន»។
នៅពេលត្រូវបានសួរ អំពីការកត់សម្គាល់នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា ប្រទេសរុស្ស៊ីអរគុណដល់ក្រុមរបស់លោក Trump ដែលបានជួយសម្រួលដល់កិច្ចចរចានេះ ប៉ុន្តែថា ទីក្រុងមូស្គូមិនបានធ្វើឲ្យកិច្ចពិភាក្សានេះយឺតពេលនោះឡើយ។ លោក Peskov បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា៖ «គ្មាននរណាម្នាក់ កំពុងពន្យារពេលអ្វីទាំងអស់»។
លោក Peskov បានបញ្ជាក់ថា៖ «យើងពិតជាចង់សម្រេចបាននូវគោលដៅដែលយើងកំពុងព្យាយាមសម្រេចឲ្យបាន នៅក្នុងប្រតិបត្តិការយោធាពិសេស តាមរយៈមធ្យោបាយនយោបាយ និងការទូត។ ដូច្នេះហើយ យើងមិនចាប់អារម្មណ៍ ក្នុងការធ្វើឲ្យយឺតពេលនោះឡើយ»។
ជាមួយគ្នានេះ លោកបានកត់សម្គាល់ថា កាលបរិច្ឆេទនៃកិច្ចចរចាជុំទី៣ នៅតែចាំបាច់ត្រូវការការព្រមព្រៀង៕