អង្គការក្រៅរដ្ឋាភិបាលជាង ១៧០ នៅថ្ងៃអង្គារ (ទី១ ខែកក្កដា) នេះ បានអំពាវនាវឲ្យបញ្ចប់គម្រោងចែកចាយជំនួយស្បៀងអាហារដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ដោយបារម្ភថា វាកំពុងធ្វើឲ្យជនស៊ីវិលប្រឈមនឹងការស្លាប់ និងរបួស។
បើយោងតាមអាជ្ញាធរសុខាភិបាល ក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា ចាប់តាំងពីមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) នេះ បានចាប់ផ្តើមប្រតិបត្តិការកាលពីចុងខែឧសភា មនុស្សជាង ៥០០នាក់ហើយ ត្រូវបានសម្លាប់ ដោយសារការបាញ់ប្រហារ នៅជិតមណ្ឌលចែកចាយជំនួយ ឬផ្លូវដឹកជញ្ជូនដែលការពារដោយកងកម្លាំងអ៊ីស្រាអែល។
GHF ប្រើប្រាស់ក្រុមហ៊ុនសន្តិសុខ និងភស្តុភារឯកជនរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជូនការផ្គត់ផ្គង់ចូលទៅកាន់តំបន់ហ្កាហ្សា ដោយភាគច្រើនបានរំលងប្រព័ន្ធចែកចាយដឹកនាំដោយអង្គការសហប្រជាជាតិ (UN) ដែលអ៊ីស្រាអែលនិយាយថា បានអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធយកជំនួយទៅប្រើប្រាស់ដោយមិនត្រឹមត្រូវ។ UN បានហៅផែនការនេះថា «គ្មានសុវត្ថិភាព» និងជាការរំលោភច្បាប់មិនលម្អៀងផ្នែកមនុស្សធម៌។
គិតត្រឹមរសៀលថ្ងៃអង្គារនេះ នៅទីក្រុងហ្សឺណែវ ជាកន្លែងដែលសេចក្តីប្រកាសរួម ត្រូវបានចេញ អង្គការសប្បុរសធម៌ចំនួន ១៧១ បានចុះហត្ថលេខាលើការអំពាវនាវឲ្យប្រទេសនានាដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់គម្រោង GHF និងផ្តល់ជំនួយឡើងវិញដែលសម្របសម្រួលតាមរយៈ UN៕