នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ (ទី១ ខែកក្កដា) នេះ បាននិយាយថា លោករំពឹងថា នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតី Donald Trump បន្ទាប់ពីមាននូវ «ជ័យជម្នះដ៏អស្ចារ្យ» នៅក្នុងសង្គ្រាមរយៈពេល ១២ថ្ងៃជាមួយអ៊ីរ៉ង់ កាលពីខែមុន។
ហើយនៅក្នុងសេចក្តីថ្លែងការណ៍ មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Netanyahu បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ក៏នឹងរួមបញ្ចូលផងដែរនូវការពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដូចជារដ្ឋមន្ត្រីការបរទេស លោក Marco Rubio រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បេសកជនតំបន់មជ្ឈិមបូព៌ារបស់លោក Trump គឺលោក Steve Witkoff និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick។
ដោយនិយាយសំដៅទៅលើផែនការពន្ធរបស់លោក Trump លោកបានបញ្ជាក់ថា៖ «យើងនៅតែមានរឿងមួយចំនួនដែលត្រូវបញ្ចប់ ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ថែមលើបញ្ហាផ្សេងទៀត។ ខ្ញុំក៏នឹងមានកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសភា និងព្រឹទ្ធសភា រួមទាំងកិច្ចប្រជុំសន្តិសុខមួយចំនួនផងដែរ»។
គួរបញ្ជាក់ថា លោក Trump កាលពីខែមុន បានប្រកាសបទឈប់បាញ់បញ្ចប់អរិភាព រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់លោកនឹងផ្ញើលិខិតទៅកាន់ប្រទេសមួយចំនួន ដើម្បីជូនដំណឹងអំពីអត្រាពន្ធខ្ពស់របស់ប្រទេសទាំងនោះ នៅមុនថ្ងៃទី៩ ខែកក្កដា ជាពេលដែលពន្ធគយត្រូវបានកំណត់ផ្លាស់ពីកម្រិតបណ្តោះអាសន្ន ១០ភាគរយ ឡើងទៅចន្លោះពី ១១ភាគរយ ទៅ ៥០ភាគរយដែលត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែមេសា ហើយត្រូវបានផ្អាកនាពេលបន្ទាប់មក។ ដំបូងឡើយ សហរដ្ឋអាមេរិកបានកំណត់អត្រាពន្ធ ១៧ភាគរយលើទំនិញអ៊ីស្រាអែលដែលលក់នៅសហរដ្ឋអាមេរិក៕